(ភ្នំពេញ)៖ សាលាក្តីខ្មែរក្រហម ​សហការជាមួយមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា នឹងចាក់បញ្ចាំងខ្សែភាពយន្តរឿង «បុប្ផាណា សោកនាដកម្មរបស់ស្ត្រីម្នាក់» ថ្ងៃទី១០ ខែសីហា ឆ្នាំ​២០១៧ស្អែកនេះ នៅសាលសវនាការរបស់សាលាក្តីខ្មែរក្រហម ដោយមានការចូលរួមទស្សនាពីប្រជាពលរដ្ឋ និងយុវជន ជាង​៣០០នាក់មកពីខេត្តព្រៃវែង។

ការចាក់បញ្ចាំងខ្សែភាពយន្តនេះ ធ្វើឡើងក្នុងក្របខ័ណ្ឌ នៃការងារផ្សព្វផ្សាយរបស់ផ្នែកកិច្ចការសាធារណៈ របស់សាលាក្តីខ្មែរក្រហម ក្រោមប្រធានបទ «ការចងចាំ»។

លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី នៃសាលាក្តីខ្មែរក្រហម នឹងថ្លែងសុន្ទរកថាគន្លឹះមួយ និយាយពីការងាររបស់តុលាការខ្មែរក្រហម ក្នុងការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម ដើម្បីនាំយកនូវយុត្តិធម៌ជូនដល់ជនរងគ្រោះ នៃរបបខ្មែរក្រហម មុននឹងពិធីចាក់បញ្ចាំងខ្សែភាពយន្តនេះ។

ការលើកយកខ្សែភាពយន្តបុប្ផាណា មកចាក់បញ្ចាំងនេះ គឺដើម្បីបង្ហាញនូវរឿងរ៉ាវរបស់នារីជនជាតិខ្មែរម្នាក់ ដែលបានរងគ្រោះជាប់ឃុំនៅមន្ទីរសន្តិសុខស-២១។

​សមិទ្ធករភាពយន្ត រិទ្ធី ប៉ាន់ បានធ្វើសម្ភាសបងប្អូនរបស់ស្ត្រីឈ្មោះ បុប្ផាណា និយាយពីជីវិតរបស់ស្ត្រីរូបនេះ នៅមុនពេលរបបខ្មែរក្រហម ឡើងកាន់អំណាច ហើយរឿងរ៉ាវមួយផ្នែកបាននិយាយពីចម្លើយសារភាពរបស់ស្ត្រីបុប្ផាណា ដែលត្រូវបានសួរចម្លើយនៅ គុកទួលស្លែងដែលគ្រប់គ្រងដោយ កាំង ហ្កេកអ៊ាវ ហៅឌុច។ ឌុចដែលត្រូវបានអង្គជំនុំជម្រះតុលាការកំពូល នៃសាលាក្តីខ្មែរក្រហម សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ចំពោះបទចោទឧក្រិដ្ឋកម្មប្រឆាំង នឹងមនុស្សជាតិ និងឧក្រិដ្ឋកមកមសង្គ្រាម ដែលធ្វើឲ្យមនុស្សជាង​១៥,០០០នាក់ បានស្លាប់បាត់បង់ជីវិត។

លោក នេត្រ ភក្ត្រា មន្រ្តីនាំពាក្យសាលាក្តីខ្មែរក្រហម បានថ្លែងថា ការចាក់បញ្ចាំងខ្សែភាពយន្តឯកសារនេះ គឺជាផ្នែកមួយ នៃការចងចាំជាពិសេសសម្រាប់យុវជនចងចាំពីប្រវត្តិសាស្ត្រ និងរឿងរ៉ាវដែលបានកើត ឡើងនៅក្នុងរបបខ្មែរក្រហម។

លោកបានគូសបញ្ជាក់ថា កិច្ចសហការរវាងសាលាក្តីខ្មែរក្រហម និងមជ្ឈមណ្ឌលសោត​ទស្សន៍បុប្ជាណានេះ បានធ្វើឡើងតាំងតែពីឆ្នាំ​២០០៩ មកម្ល៉េះ ក្រោមប្រធានបទ «រាត្រីនៃការចងចាំ» ដោយបានចាក់បញ្ចាំងខ្សែភាពយន្តឯកសារ ទាក់ទងនឹងរបបខ្មែរក្រហម និងដំណើរការជំនុំជម្រះក្តីនៅសាលាក្តីខ្មែរក្រហម ជូនដល់បងប្អូនប្រជាពលរ​ដ្ឋ នៅតាមភូមិឃុំបានទស្សនា ហើយរហូតមកទល់ពេលនេះ មានការ​ចូលរួមពីប្រជាពលរដ្ឋជិត​៧​ម៉ឺននាក់៕