(ភ្នំពេញ)៖ គេនៅចាំបានថា បញ្ហាសមុទ្រចិនខាងត្បូង បានក្លាយជាទៅជាបញ្ហាដ៏ក្តៅគគុក និងតានតឹងមួយ ប្រៀបដូចជាមុខម្ហូបមួយមុខដែលមនុស្សជាច្រើន ដណ្តើមយកទៅបរិភោគរៀងៗខ្លួន រហូតដល់ធ្វើឲ្យកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន នៅក្នុងប្រទេសឡាវ នាឆ្នាំ២០១៦ មិនអាចចេញសេចក្តីថ្លែងការណ៍រួមបានថែមទៀតផង។

ព្រោះតែបញ្ហាសមុទ្រចិនខាងត្បូងនេះ ក៏មានសង្រ្គាមព័ត៌មានជាច្រើនបានវាយប្រហារកម្ពុជាថា ជាអ្នកធ្វើឲ្យខូចគោលការណ៍ ឬកុងសង់ស៊ីសរបស់អាស៊ាន ថែមទៀតផង។ សម្រាប់ឆ្នាំ២០១៧នេះ បញ្ហាសមុទ្រចិនខាងត្បូង មិនបានក្លាយទៅជាបញ្ហាតានតឹងសម្រាប់អាស៊ាន ជាមួយចិនទៀតនោះឡើយ បញ្ហានេះត្រូវបានលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានចាត់ទុកជា «ស៊ុប» មួយឆ្នាំង ដែលគ្រប់ភាគីទាំងអស់អាចបរិភោគបានគ្រប់គ្នា។

ថ្លែងក្នុងសន្និសីទព័ត៌មាននាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីវិលត្រឡប់មកពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា បញ្ហាសមុទ្រចិនខាងត្បូង ជាមួយ ប្រទេសសមាជិកអាស៊ានមួយចំនួននោះ កំពុងតែវិវឌ្ឍន៍ទៅស្ថានភាពល្អប្រសើរប្រកបដោយភាពវិជ្ជមាន។

បើតាមលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ការវិវឌ្ឍន៍ទៅរកភាពល្អប្រសើរក្នុងការជជែកលើបញ្ហាសមុទ្រចិនខាងត្បូង ក៏ដោយសារតែមានការផ្លាស់ប្តូរដំណើរទស្សនកិច្ច របស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយឌែតេ នៅក្នុងប្រទេសចិន ក៏ដូចជាការផ្លាស់ប្តូរដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំប្រទេសចិន និងប្រទេសវៀតណាម, ប្រទេសម៉ាឡេស៊ី និងចិនជាដើមនោះ។

ការវិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមានក៏ពាក់ព័ន្ធផងដែរ ទៅនឹងការបង្កើត DOC កាលពីឆ្នាំ២០១៦ ក៏ដូចជាការបង្កើតប្រព័ន្ធហតឡាញ រវាង ប្រទេសចិន និងបណ្តាប្រទេសមាជិកអាស៊ាន ដែលមានជម្លោះ ដើម្បីដោះស្រាយបញ្ហាបន្ទាន់កើតមានលើតំបន់ជម្លោះ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ប្រាក់ សុខុន។

ប្រមុខការទូតកម្ពុជាបានបញ្ជាក់ទៀតថា បើទោះបីជាយ៉ាងណានៅក្នុងប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងចិន លើបញ្ហាសមុទ្រចិនខាងត្បូងនេះ ក៏មានការតឹងសរសៃកដាក់គ្នាខ្លះផងដែរ លើសេចក្តីព្រាងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង COC ដែលជាឯកសារគោលសម្រាប់ចរចាលើជម្លោះផងដែរ។ តែទីបំផុតក៏ត្រូវបានដោះស្រាយ និងត្រូវអនុម័តដោយរដ្ឋមន្រ្តីអាស៊ាន-ចិន នៅថ្ងៃទី០៦ ខែសីហា។

បើតាមប្រមុខការទូតកម្ពុជា ថ្លែងឲ្យដឹងថា ប្រទេសហ្វីលីពីន ដែលជាប្រទេសធ្លាប់តែប្រឈមខ្លាំងជាមួយនឹងប្រទេសចិននោះ កំពុងក្លាយទៅជាប្រទេសសម្របខ្លួនជាមួយ ប្រទេសចិនខ្លាំងជាងគេ។ រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន ថែមទាំងថ្លែងបង្ហាញដោយសង្កត់ធ្ងន់ៗពីការកើនឡើង និងទទួលបាននូវជំនឿទុកចិត្ត ខ្ពស់រវាងហ្វីលីពីន និងចិន ហើយចង់ឲ្យទំនុកចិត្តនេះកើនជាបន្តបន្ទាប់ និងស្នើឲ្យបញ្ចៀសនូវរឿងរ៉ាវទាំងឡាយដែលនាំឲ្យបែកបាក់នូវទំនុកចិត្តនេះ។

លោក ប្រាក់ សុខុន ក្នុងនាមជាប្រទេសសមាជិកអាស៊ាន បានសម្តែងក្តីរីករាយចំពោះដំណើរវិវឌ្ឍន៍ដ៏ល្អនៅក្នុងជម្លោះសមុទ្រចិនខាងត្បូងនេះ។ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា «ខ្ញុំមានសេចក្តីរីករាយដែលអ្នកនៅក្នុងកិច្ចប្រជុំនេះ ទទួលស្គាល់អំពីការវិវឌ្ឍជាវិជ្ជមាននេះ។ ដោយសារសមិទ្ធផលជាវិជ្ជមានជាច្រើននេះ ហើយទើបស្ថានការណ៍មានភាពប្រសើរឡើង និងបានបន្ថយភាពតានតឹង។ ចិន និងហ្វីលីពីន បានកប់ទុកការខ្វែងគំនិត និងជ្រើសរើសមធ្យោបាយសន្តិភាពប្រកប ដោយគតិបណ្ឌិត ក្នុងការដោះស្រាយជម្លោះ»។

ប្រមុខការទូតកម្ពុជា បានលើកឡើងថា ការវិវឌ្ឍន៍ប្រកបដោយភាពវិជ្ជមាននេះ មិនបានផ្តល់ប្រយោជន៍អ្វីសម្រាប់កម្ពុជានោះទេ ប៉ុន្តែក្នុងប្រទេសធ្លាប់យាយី ដោយភ្លើងសង្រ្គាម និងធ្លាប់រងគ្រោះដោយភ្លើងសង្រ្គាមមិនចង់ឃើញភាពតានតឹងរហូតមានផ្ទុះនូវភ្លើងសង្រ្គាមនោះទេ។ ព្រោះថា ចង់មិនចង់ភ្លើងសង្រ្គាមប្រាកដជានាំផលលំបាកដល់កម្ពុជា បើទោះបីមិនស្ថិតក្នុងជម្លោះក៏ដោយនោះ។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងថា ការជឿទុកចិត្តគ្នានេះ អាចអនុញ្ញាតឲ្យធ្វើប្រទេសក្នុងតំបន់ដំណើរទៅមុខក្នុងការធានាបាននូវសន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់។

សូមបញ្ជាក់ថា ប្រទេសសមាជិកអាស៊ាន ដែលមានជម្លោះស្រួចស្រាវជាមួយចិនលើដែនសមុទ្រចិនខាងត្បូងនោះរួម មាន៖ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងព្រុយណេ។ ចាប់តាំងពីឆ្នាំ២០១២មក បញ្ហាសមុទ្រចិនខាងត្បូង តែងតែក្លាយជាបញ្ហាក្តៅគគុកមួយក្នុងកិច្ចប្រជុំអាស៊ាន ជាមួយចិន។

កម្ពុជា បានក្លាយទៅជាចំណាប់ខ្មាំងមួយនៅក្នុងរឿងនេះ រហូតមានសង្រ្គាមព័ត៌មានជាច្រើនវាយប្រហារមកលើកម្ពុជា។ ទោះជាយ៉ាងណាកម្ពុជា នៅតែទាមទារឲ្យបញ្ហានេះ ត្រូវដោះស្រាយរវាងប្រទេសមានជម្លោះ ដោយមិនត្រូវយកអាស៊ានទាំងមូលទៅពាក់ព័ន្ធនោះឡើយ៕