(សៀមរាប)៖ ក្នុងគម្រោងស្រាវជ្រាវ ស្តីពីមន្ទីរពេទ្យក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា និងមហាវិទ្យាល័យបច្ចេកវិទ្យា និ​ងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ នៃប្រទេសសិង្ហបុរី បន្តប្រទះឃើញព្រះពុទ្ធបដិមាច្រើន​បំណែកទៀត ក្នុងនោះ មានព្រះពុទ្ធបដិមាមួយអង្គ ដែលគេស្គាល់ថា ជាព្រះពោធិ៍សត្វ ដែលមានព្រះនាមហៅថា «ភៃសជ្យគុរុ» ដែលមានន័យថា ព្រះពុទ្ធគ្រូសេ្តចថ្នាំនៅសម័យបុរាណ។

ក្រុមអ្នកស្រាវជ្រាវ បានរៀបចំពិធីសាសនាមួយ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ មុនបន្តជីក និងលើកព្រះពុទ្ធរូបចេញពីកន្លែងកំណាយ។ បដិមាដែលខ្លះជាព្រះពុទ្ធប្រក់នាគ ត្រូវបានរកឃើញនៅរណ្តៅកំណាយទី៤នៅផ្នែកខាងកើត នៃប្រាសាទទន្លស្ងួត ដែលជាមន្ទីរពេទ្យក្នុងរាជ្យ ព្រះបាទជ័យវរ្ម័នទី៧ផងដែរ។

លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា និងជាអ្នកប្រឹក្សាផ្នែកវិទ្យាសាស្រ្ត នៃគម្រោងស្រាវជ្រាវនេះ បានឲ្យដឹងថា បំណែកព្រះពុទ្ធរូបទាំងនោះ ត្រូវបានជីកឃើញនៅល្ងាចថ្ងៃទី៦ ខែសីហា ហើយតាមការពិនិត្យទម្រង់ នៃបំណែករូបទាំងនោះ ថាជាបំណែករូបផ្សេងៗពីគ្នា។

​បើតាម លោក អ៊ឹម សុខរិទ្ធី ក្នុងចំណោមព្រះពុទ្ធរូបទាំងនោះ គឺមានបដិមាមួយដែលគេដឹងថា ជាព្រះពុទ្ធស្តេចថ្នាំ ដោយពិនិត្យលើទម្រង់រូប ដែលនៅលើព្រះហស្ថ ឬដៃមានដុំមូលមួយ រាងដូច សាជី។ លោកបន្ថែមថា រូបទាំងនោះតែងតម្កល់នៅគ្រប់មន្ទីរពេទ្យនៅក្នុងរាជ្យ ព្រះបាទជ័យវរ្ម័នទី៧។

​នេះជាបដិមាទី២ហើយ ដែលអ្នកបុរាណវិទ្យាបានប្រទះឃើញនៅក្នុងគម្រោង ស្រាវជ្រាវនៅប្រាសាទទន្លេស្ងួត។ បដិមាដ៏ធំមួយអង្គមានកម្ពស់រហូតដល់ទៅ ១,៩០ម៉ែត្រ និងស្មាទទឹងរហូតដល់ទៅ ០,៥៨ម៉ែត្រ បានរកឃើញនៅរណ្តៅកំណាយនៅផ្នែកខាងកើត ប្រាសាទ។ ក្នុងរណ្តៅនេះដដែល ក៏បានប្រទះឃើញបំណែក២ផ្សេងទៀតដែរ។ បើតាមការបញ្ជាក់របស់អ្នកជំនាញ បំណែកទាំង២នោះ មានបំណែកជាកំភួនជើង នៃរូបបដិមាដ៏ធំនោះ។

សូមបញ្ជាក់​ថា គម្រោងសិក្សាស្រាវជ្រាវ នៃមន្ទីរពេទ្យក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧នេះ ចាប់ផ្តើមពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧៕