(ភ្នំពេញ)៖ ទំហំទឹកប្រាក់ប្រមាណ ២៣.៥៦លានដុល្លារ ត្រូវបានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រទសភ) ចុះកិច្ចសន្យាលើគម្រោងស្តារឡើងវិញ និងពង្រីកសមត្ថភាពរោង ចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ជាមួយក្រុមហ៊ុន Vinci Construction Grands Projets (VCGP) មកពីប្រទេសបារាំង ដែលចាប់ផ្តើមអនុវត្តក្នុងខែកញ្ញា ឆ្នាំ២០១៧ ដោយប្រើរយៈពេលសាងសង់២៤ខែ។

ពិធីចុះហត្ថលេខារវាងស្ថាប័នទាំង២ បានធ្វើឡើងនៅរសៀលថ្ងទី៨ ខែសីហា ឆ្នាំ២០១៧ ដោយភាគីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដឹកនាំដោយលោក សឹម ណារ៉ា ប្រធានក្រុមប្រឹក្សាភិបាល លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹក ជាមួយតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ទីប្រឹក្សាបច្ចេកទេស និងតំណាងក្រុមហ៊ុន VCGP ព្រមទាំងមន្រ្តីពាក់ព័​ន្ធមួយចំនួនទៀត។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រទសភ) បានបញ្ជាក់ថា រាជធានីភ្នំពេញបានរីកចំរើនយ៉ាងឆាប់រហ័សគួរឲ្យកត់សំគាល់ ជាហេតុធ្វើឲ្យតម្រូវការ ទឹកមានការកើនឡើងយ៉ាងគំហុក។ រ.ទ.ស.ភ មានតួនាទីយ៉ាងសំខាន់ក្នុងការទទួលខុសត្រូវនូវកំណើនតម្រូវការទឹកនេះ ដោយត្រូវរៀបចំកម្មវិធីវិ និយោគរបស់ខ្លួន ក្នុងនោះរួមមានការពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងផ្ទៃសេវាផ្គត់ផ្គង់ទឹក។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី១ បានដាក់ដំណើរការ នាខែ មិថុនា ឆ្នាំ២០១៣ និងជំហានទី២ បានដាក់ដំណើរការនាខែ មេសា ឆ្នាំ២០១៧។ ការដាក់ឲ្យដំណើរការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធទាំងពីរជំហាននេះ បានធ្វើឲ្យសមត្ថភាពផលិតកម្មរបស់ រ.ទ.ស.ភ កើនឡើងទ្វេរដង ពីសមត្ថភាព ៣០០,០០០ម៉ែត្រគូប/ថ្ងៃ កើនរហូតដល់ ៥៦០,០០០ម៉ែត្រគូប/ថ្ងៃ។ កត្តានេះ បានបង្កើនអតិថិជនពីចំនួន២៣០,០០០អតិថិជន ទៅដល់ជាង ៣៣០,០០០អតិថិជន និងបណ្តាញចែកចាយទឹកកើនពី ២,០០០គីឡូម៉ែត រហូតដល់ ៣,២២០ គីឡូម៉ែត្រ។

ការវិនិយោគទាំងនោះ គឺអនុវត្តទៅតាមផែនការមេដំណាក់កាលទី២ របស់ រ.ទ.ស.ភ ពីឆ្នាំ២០០៥ ដល់ ឆ្នាំ២០២០ ប៉ុន្តែការអនុវត្តបានបញ្ចប់មុនរយៈពេល ៤ឆ្នាំ នៃផែនការមេដែលបានគ្រោង ដោយមានការគាំ ទ្រយ៉ាងពេញទំហឹងពីសំណាក់ដៃគូរអភិវឌ្ឍន៍ ដូចជាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន។

គម្រោងស្តារឡើងវិញ និងពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន គឺជាគម្រោងដំបូងរបស់ រ.ទ.ស.ភ ដែលបានអនុវត្តទៅតាមផែនការមេដំណាក់កាលទី៣ ឆ្នាំ២០១៦ ដល់ឆ្នាំ២០៣០ ដែលគម្រោងនេះ នឹងចាប់ផ្តើមអនុវត្តក្នុងខែកញ្ញា ឆ្នាំ២០១៧។ សូមបញ្ជាក់ជូនជ្រាបថា ផែនការមេដំណាក់ កាលទី៣ នេះគឺជាសហហិរញ្ញប្បទានរបស់ រទសភ និងរដ្ឋាភិបាលបារាំង ក្នុងងគោលបំណងជួយដល់ រ.ទ.ស.ភ ក្នុងការបង្កើនសមត្ថភាពផលិតរបស់ខ្លួនអោយកើនដល់ ១លានម៉ែត្រគូប/ថ្ងៃ នាឆ្នាំ២០២៥ ថែម ទាំងពង្រីកពង្រីកផ្ទៃសេវា និងសំដៅធ្វើយ៉ាងណារក្សានូវកំរិតផ្គត់ផ្គង់ប្រកបដោយសមត្ថភាពខ្ពស់ ក្នុងក្របខណ្ឌទឹកមានគុណភាពស្អាត ព្រមទាំងគ្រប់គ្រងនូវអត្រាទឹកបាត់បង់ឲ្យមានកំរិតទាប។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩៦៦ និងបានពង្រីកសមត្ថភាពរបស់ខ្លួននូវចន្លោះឆ្នាំ១៩៩៥-១៩៩៧។ ប្រភពទឹករបស់រោងចក្រនេះ គឺយកពីទន្លេបាសាក់ និងបញ្ជូនបន្តទៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតែម្តង និងមានទីតាំងស្ថិតនៅខាងក្រោយក្រសួងមហាផ្ទៃ។ ប្រព័ន្ធសម្អាតទឹកមានដូចជាអាងច្រោះ និងអាងរង ក្នុងការសម្អាតទឹក ដោយធ្វើការបូមបញ្ជូនទឹកស្អាតទៅតាមបណ្តាញចែកចាយ។

ទោះបីជារោងចក្រប្រព្រឹត្តកម្មនេះ មានសមត្ថភាពផលិត២០,០០០ម៉ែត្រគូប/ថ្ងៃ ប៉ុន្តែការផលិតជាក់ស្តែងទាបជាងដោយសារការធ្លាក់ចុះនូវសមត្ថភាពរបស់ស្ថានីយ៍បូមទឹក។

គោលបំណងរបស់គម្រោងគឺបង្កើនសមត្ថភាពផលិតពី២០,០០០ម៉ែត្រគូប/ថ្ងៃ រហូតដល់ ៥២,០០០ ម៉ែត្រគូប/ថ្ងៃ ដោយប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបក្នុងការរចនាសំណង់ ហើយបច្ចេកវិទ្យាទំនើបនោះក៏បានជួយ ធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងគុណភាពទឹក ព្រមទាំងជួយកាត់បន្ថយថាមពលអគ្គិសនីតាមរយៈការប្រើប្រាស់ប្រព័ន្ធស្វយ័តប្រវត្តិ និងឧបករណ៍ទាន់សម័យ។

គម្រោងនេះរួមមានការវាយកម្ទេចចោលនូវអគារចាស់ៗរបស់រោងចក្រសឹងតែទាំងស្រុង រួចធ្វើការសាងសង់ឡើងវិញ ឲ្យកាន់តែធំជាងមុននូវទីតាំងដដែល ដោយមានសមត្ថភាពខ្ពស់ក្នុងដំណើរការប្រព្រឹត្តកម្មទឹកស្អាត ក្នុងនោះរួមមានស្ថានីយ៍បូមទឹកល្អក់ថ្មីដែលនឹងត្រូវសាងសង់នៅជាប់ច្រាំងទន្លេបាសាក់។

ហិរញ្ញប្បទានដែលមានទឹកប្រាក់សរុបចំនួន ៣០លានអឺរ៉ូ ដែលបានផ្តល់ដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ ស្នើនឹង៧៥%នៃគម្រោងទាំងអស់គឺយកចំណាយ ទៅលើថ្លៃសាងសង់ ព្រមទាំងការងារពង្រីកនូវបណ្តាញចែកចាយសម្រាប់រយៈពេល២ឆ្នាំខាងមុខ។ រ.ទ.ស.ភ ក៏បានចូលរួមចំណែកនូវថវិកាបដិភាគរបស់ខ្លួនចំនួន ២៥% ទៅលើការងារសាងសង់នេះផងដែរ។

នេះជាគម្រោងលើកទី២ដែលក្រុមហ៊ុន Vinci Construction Grands Projets (VCGP) អនុវត្តអោយ រ.ទ.ស.ភ ក្រោយពីក្រុមហ៊ុននេះ បានបញ្ចប់ការងារសាងសង់រោងចក្រ ប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី២៕