(កោះកុង)៖ ដើម្បីរឹតចំណងមេត្រីភាពរវាងមន្រ្តីរាជការ និងប្រជាពលរដ្ឋឲ្យមានភាស្និតស្នាលរវាងខេត្តកោះកុង និងខេត្តត្រាត (កម្ពុជា-ថៃ) កាន់តែខ្លាំងឡើងនោះ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ មន្ទីរពេទ្យបង្អែកខេត្តកោះកុង មន្ទីរពេទ្យខេត្តត្រាត និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តកងទ័ពជើងទឹកចល័តថៃ ប្រចាំខេត្តត្រាត បានរួមគ្នាចុះពិនិត្យមើលជំងឺជូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង ដោយមិនមានឲ្យបង់ថ្លៃសេវាឡើយ។

ការចុះពិនិត្យជំងឺជូនប្រជាពលរដ្ឋ រវាងមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងខេត្តត្រាតរួមទាំងក្រុមគ្រូពេទ្យកងទ័ពជើងទឹកចល័យថៃនោះមានរយៈពេល២ថ្ងៃ ដោយមានទីតាំងទី១ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ទីតាំងទី២ ស្ថិតនៅភូមិបឹងឃុនឆាង (ចំណុចវត្តជោតញ្ញាណ) សង្កាត់ស្មាច់មានជ័យ ខេត្តកោះកុង។

លោកវេជ្ជបណ្ឌិត ហៃឡៃ ស៊ុន ប្រធានមន្ទីរពេទ្យបង្អែខេត្តកោះកុង បានឲ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តកោះកុង មន្ទីរបង្អែកខេត្តត្រាត និងគ្រូពេទ្យស្ម័គ្រចិត្តកងទ័ពជើងទឹក ចល័តថៃ តែងតែចូលរួមសហការណ៍គ្នាជាប្រចាំគ្រប់ពេលវេលា ដើម្បីសង្គ្រោះអ្នកជម្ងឺដែលមានសភាពធ្ងន់ធ្ងរ។ លោកថា អ្នកជម្ងឺដែលជាជនជាតិខ្មែរ រស់នៅខេត្តកោះកុង ត្រូវការបញ្ជូនជាបន្ទាន់ដើម្បីសង្រ្គោះមន្ទីរពេទ្យខេត្ត្តត្រាត ឬពេទ្យយោធា ពីព្រោះមន្ទីរពេទ្យខេត្ត មិនអាចបញ្ជូនទៅរាធានីភ្នំពេញបានទាន់ពេលវេលា។

លោក ហៃឡៃ ស៊ុន បានបន្តថា មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងខេត្តត្រាតប្រទេសថៃ ១ខែៗ តែងតែប្រជុំពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយ ផ្លាស់ប្តូរបទពិសោធន៍គ្នា ទៅវិញទៅមក ដើម្បីរឹតចំណងសាមគ្គី ឲ្យចេះយោគយល់គ្នាទៅវិញទៅមក ក្នុងការជួយសង្គ្រោះ អ្នកជម្ងឺមិនថា ប្រជាពលរដ្ឋកម្ពុជា និងប្រជាជនថៃឡើយ យើងត្រូវជួយសង្គ្រោះអាយុជីវិតប្រជាជន ហើយអនុវត្តន៍ទៅតាមតួនាទីជាគ្រូពេទ្យ៕