(សៀមរាប)៖ មន្រ្តីគ្រប់គ្រងកិច្ចការហិរញ្ញវត្ថុប្រមាណ ១០០នាក់ មកពីខេត្តចំនួន៤ នៅភាគឧត្តរនៃប្រទេសកម្ពុជា រួមមានខេត្ត សៀមរាប កំពង់ឆ្នាំង ឧត្តរមានជ័យ និងព្រះវិហារ បានទទួលការបណ្តុះបណ្តាលពីនីតិវិធីអនុវត្តន៍ថវិកាជាតិ ក្នុងបំណងពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងជូនមន្រ្តីទទួលហិរញ្ញវត្ថុនេះអនុវត្តន៍ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឲ្យមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ការបើកវគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧នេះ នៅទីរួមខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ក្រោមកិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តសៀមរាប។

លោក លី សំរិទ្ធ បានលើកឡើងអំពីស្ថានភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខេត្ត ដោយបានសង្កត់ធ្ងន់ទៅលើសេចក្តីត្រូវការចាំបាច់ក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្ស សម្រាប់អនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេសសម្រាប់ការអនុវត្តថវិកាកម្មវិធីនិងអង្គភាពថវិកា។

អភិបាលរងខេត្តរូបនេះ បានបញ្ជាក់ថា កន្លងមកខេត្តសៀមរាប ក៏ដូចជាខេត្តផ្សេងទៀតបានជួបប្រទះបញ្ហាប្រឈមមួយចំនួនក្នុងការអនុវត្តការងារ ដោយសារកង្វះធនធានមនុស្សដែលមានសមត្ថភាព ជំនាញ និងបទពិសោធន៍គ្រប់គ្រាន់ ហើយការស្វែងរក និងកៀរគរធនធានមនុស្សដែលមានសក្តានុពល មកពីអង្គភាព ស្ថាប័នដទៃ ក៏មិនងាយស្រួលនោះដែរ។

លោក សំរិទ្ធ បានបញ្ជាក់ថា «វគ្គបណ្តុះ- បណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” នេះ គឺពិតជាមានសារៈសំខាន់ និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែង ក្នុងការកសាង និងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៃមន្ទីរអង្គភាពជំនាញ នៃខេត្តសៀមរាប ក៏ដូចជានៅបណ្តាខេត្តដទៃទៀត នៅភូមិភាគឧត្តរនេះ ដើម្បីចូលរួមចំណែកគាំទ្រនិងអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បងនិងអង្គភាពថវិកា ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព»

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ហ៊ាន សាហ៊ីប បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” នេះ នឹងជួយឱ្យការអនុវត្តតួនាទីភារកិច្ចរបស់មន្ទីរ អង្គភាពជំនាញ ពាក់ព័ន្ធការអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង សម្រេចបានលទ្ធផលផ្លែផ្កា តាមការគ្រោងទុក និង ឆ្លើយតបបានទាន់ពេលវេលាទៅនឹងតាមតម្រូវការរបស់អង្គភាពរៀងៗខ្លួន ក្នុងគោលដៅធានាប្រសិទ្ធភាព សង្គតិភាព និងផលិតភាពនៃការប្រើប្រាស់ថវិកាជាតិ ស្របតាមគោលបំណងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល។

ក្នុងន័យនេះ លោកបណ្ឌិត បានលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់ខិតខំយកចិត្តទុកដាក់ចូលរួម និងស្តាប់គ្រប់បទឧទ្ទេសរបស់គ្រូបង្គោល និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាល ព្រមទាំងចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និង បទពិសោធន៍គ្នាទៅវិញទៅមក ឱ្យបានសកម្ម ផុលផុស ដើម្បីស្វែងយល់ និង ចាប់យកចំណុចគន្លឹះសម្រាប់យកទៅអនុវត្តឱ្យបានល្អប្រសើរ នៅពេលត្រឡប់ទៅកាន់អង្គភាពការងាររៀងៗខ្លួនវិញ៕