(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ SEATV សហការជាមួយសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ នឹងបើកការប្រកួតប្រដាល់ជា លក្ខណៈមិត្តភាពអន្តរជាតិមួយ នៅរសៀលថ្ងៃអាទិត្យនេះ ក្រោមការឧបត្ថម្ភធំ ពីស្រាបៀរ Barrley Black។ កម្មវិធីនេះ មានផ្សាយជូននៅលើ ទូរទស្សន៍SEATV រៀងរាល់រសៀល ថ្ងៃអាទិត្យ ដែលមានការប្រកួតរវាងកីឡាករប្រដាល់ល្បីរបស់កម្ពុជា ប៉ះជាមួយ អ្នកប្រដាល់ជើងខ្លាំងបរទេស។

ចំពោះ «ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ» គឺជាបន្ថែមនូវប្រដាល់ក្បាច់ បុរាណខ្មែរហាក់មានចេតនាចង់លើ កកម្ពស់ការប្រកួត ឲ្យប្រសើរជាងមុន ដើម្បីដណ្តើមទីផ្សារ និងស្វែងរកការគាំទ្រ ពីមហាជនក៏ដោយ ក៏អ្នកគ្រប់គ្រងការប្រកួត ត្រូវបានរៀបចំលក្ខណៈ មិត្តភាពអន្តរជាតិ ដែលមានរហ័សនាមថា ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ” នឹងចាប់ផ្តើមប្រកួតជាផ្លូវការ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ នាទូរទស្សន៍ SEATV។

ក្នុងឱកាសពិធីសន្និសីទសារព័ត៌មាននេះ ស្តីពីការបើកការប្រកួតប្រដាល់នេះ ក៏មានការចូលរួមពីលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ លោក ដេវិឌ តំណាងស្ថានីយទូរទស្សន៍SEATV និងលោកបូរី ស៊ីសលីវណ្ណ អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងផងដែរ។

លោក ដេវិឌ តំណាងស្ថានីយទូរទស្សន៍SEATV បានថ្លែងថា ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិចម្រុះ ដោយកីឡាករកម្ពុជា និងកីឡាករថៃ នឹងធ្វើឡើងរាល់រសៀលថ្ងៃអាទិត្យ ដោយមានគោលបំណងលើក ស្ទួយវិស័យកីឡានៅកម្ពុជា។ លោកបានបន្តថា ការប្រកួតក្បាច់បុរាណខ្មែរ របស់យើងនិងអ្នកប្រដាល់ថៃ គឺកំពុងនាំមកនូវ ព្រឹត្តិការណ៍ប្រកួតដ៏ទាក់ទាញ និងមានការចូលរួមទស្សនា យ៉ាងច្រើនជាងលើកមុនៗ ហើយតម្លៃខ្លួន ប្រកួតរបស់កីឡាករ និងប្រាក់រង្វាន់ ត្រូវបានបង្កើន ឲ្យបានខ្ពស់ ជាងលើកមុនដែរ ។

លោកបូរី ស៊ីសលីវណ្ណ អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងនៃក្រុមហ៊ុនKhmer Beverages Co.,Ltd បានលើកឡើងថា ការរៀបចំកម្មវិធីនេះ គឺដើម្បីលើកស្ទួយ ដល់វិស័យកីឡាប្រដាល់កម្ពុជា និងជីវភាពបងប្អូនកីឡាករ ឲ្យកាន់តែមានភាព ល្អប្រសើរឡើង។ ក្រុមហ៊ុន Khmer Beverages Co.,Ltd មានឆន្ទៈមោះមុត ក្នុងការឧបត្ថម្ភគាំទ្រ វិស័យកីឡាដែលមានអាយុកាលប្រវត្តិសាស្រ្តដ៏យូរលុងមកហើយនេះ ឲ្យបន្តស្ថិតស្ថិររីកចម្រើន យូរអង្វែង និងកាន់តែល្បីរន្ទឺ សុះសាយទាំងនៅលើឆាកជាតិ និងអន្តរជាតិ។

ចំពោះការប្រកួតនេះ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានណែនាំថា គណៈកម្មការ អាជ្ញាកណ្តាល និងចៅក្រម ជាពិសេសគណៈកម្មការដែលចាប់កីឡាករត្រូវតែចាប់គូឲ្យបានត្រឹមត្រូវ មិនធ្វើអ្វីតាមតែចិត្តខ្លួនឯងឡើយ និងត្រូវចាប់កីឡាករ មានសមត្ថភាពស្មើគ្នា មិនប្រកាន់បក្សពួកឡើយ៕