(ពោធិ៍សាត់)៖  លោក កែវ រតនៈ ប្រធានក្រុមការងារចុះជួយស្រុកក្រគរ បន្ទាប់ពីទទួលបានជោគជ័យឈ្នះដាច់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅមូលដ្ឋានរបស់ខ្លួនរួចមក ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជន សម្រេចប្រគល់តួនាទីភារកិច្ចឲ្យបន្តការដឹកនាំចុះជួយស្រុកកណ្តៀងបន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ឲ្យទទួលបានជោគជ័យ ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នាពេលខាងមុខ។

ពិធីប្រកាសកែសម្រួលសមាសភាពថ្មី ក្រុមការងារចុះជួយស្រុកកណ្តៀង ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការបក្សស្រុកកណ្តៀង ក្រោមវត្តមាន លោក ស៊ុយ សែម ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តពោធិ៍សាត់, លោក ខូយ សុខា​ ប្រធានគណបក្សខេត្ត លោក លោកស្រី ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ស្រុក សមាជិក សមាជិកាគណបក្សស្រុក ឃុំ ភូមិ យ៉ាងច្រើនកុះករ។

​គួរបញ្ជាក់ថា យោងតាម​ស្មារតី​អង្គប្រជុំ​របស់​គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា​ បានសម្រេចប្រគល់ភារកិច្ចឲ្យលោក កែវ រតនៈ និង​សមា​សភាព​ថ្មី​មួយចំនួន ទៅក្នុង​ជួរ​ដឹកនាំ​គណបក្ស​ស្រុក និង​ឃុំ​ទាំង​៩ ដើម្បី​បំពេញបន្ថែមដល់​ក្របខណ្ឌ​ចាស់ ​ដែលបាន​កែសំរួល​ភារកិច្ចទៅកាន់​តំបន់​ផ្សេង ហើយ​ម្យ៉ាង​ក៏​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​ចាំបាច់​ ទៅនឹង​ទំហំ​ការងារ​ដែល​បាន​បំពេញ នាពេល​បច្ចុប្បន្ន​។

សំណេះសំណាល​នាឱកាស​នោះ លោក ស៊ុយ សែម ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តពោធិ៍សាត់ បាន​វាយ​តំលៃ​អំពី​ចំណុចខ្លាំង ចំណុចខ្សោយ​នៃ​ការអនុវត្ត​ការងារ​គណបក្ស​នៅ​មូលដ្ឋាន​កន្លងមក ហើយ​បាន​ដាក់ចេញ​ទិសដៅ​ភារកិច្ចសំខាន់ៗ​មួយចំនួន សម្រាប់​អនុវត្ត​បន្ត ក្នុង​ជំហាន​ឆ្ពោះទៅកាន់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ​នីតិ​កាលទី៦ ​ឆ្នាំ២០១៨ខាងមុខនេះ​។

លោកបាន​ផ្តាំផ្ញើ​ដល់​សមាជិក​សមាជិកាក្នុងអង្គពិធី​ទាំងមូល ត្រូវ​បន្ត​លើកកម្ពស់ ការរួបរួម​សាមគ្គី​គ្នា ជា​ធ្លុងមួយ ឯកភាព​រឹងមាំ​ជុំវិញ​គណបក្ស និង​បន្ត​ការផ្សារភ្ជាប់​ជាមួយ​ប្រជាជន ហើយ​ខិតខំ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ រាល់​ភារកិច្ច​ដែល​គណបក្ស​បានប្រគល់​ឲ្យ​៕