(ភ្នំពេញ)៖ លោក ជា ពិសី អនុប្រធានគណៈកម្មាធិការបក្សខណ្ឌឫស្សីកែវ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧នេះ បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលត្រូវបានផ្លាស់ប្ដូរតាំងទីលំនៅចេញពីការលិចលង់ពីជំនន់ទឹកទន្លេសាបឡើងខ្ពស់ នៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

សកម្មភាពនេះ មានការរួមដំណើរពីអនុប្រធានគណបក្សខណ្ឌ លោក ជុំ បាយ័ន វិបុល និងលោក លី កាតាហ្វី គណៈកម្មាធិការបក្សខណ្ឌ លោក ឡេង ច័ន្ទវិសិទ្ធិ រួមនិងសមាជិក សមាជិកាបក្សខណ្ឌ និងបក្សសង្កាត់ជាច្រើននាក់ទៀត។

ក្នុងសកម្មភាពមនុស្សធម៌របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវខាងលើនេះដែរ លោក ជា ពិសី បានថ្លែងថា ប្រសិនបើប្រជាពលរដ្ឋមានការជ្រើសរើសបានត្រឹមត្រូវ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺហាក់បីដូចជាបោះឆ្នោតឲ្យខ្លួនឯង ក៏ព្រោះតែក្រោមគោលនយោបាយឈ្នះ-ឈ្នះ ក្នុងឆ្នាំ១៩៩៨ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានស្រោចស្រង់ប្រទេសឲ្យរួចផុតពីភ្លើងសង្គ្រាម រហូតមកទល់បច្ចុប្បន្ននេះ កម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញបរិបូរណ៍ ដោយទីក្រុងដែលគ្មានមនុស្សរស់នៅច្រើន ពោលគឺជាទីក្រុងខ្មោចប្រែក្លាយទៅជាទីក្រុងមួយ ដែលមានមនុស្សរស់នៅច្រើនលើសលប់ សំបូរបែប បូករួមទាំងការអភិវឌ្ឍឥតឈប់ឈរ ពីមួយថ្ងៃ ទៅមួយថ្ងៃ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដូចជា ស្ពានឆ្លងទន្លេ ស្ពានអាកាស អាគារតូចធំ ទាប់ខ្ពស់ ពិសេសធ្វើឲ្យប្រជាពលរដ្ឋ ផ្លាស់ប្ដូរជីវភាពពីក្រលំបាក មកជាមានជីវភាពធូធាឡើងវិញ និងមានការសប្បាយរីករាយឥតឧបមា។

លើសពីនេះ លោក ជា ពិសី ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចទាំងពីរតែងតែគិតគូរ រាល់ទុក្ខលំបាកចំពោះប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ឲ្យតែជាពលរដ្ឋរស់នៅលើទឹកដីកម្ពុជា ដោយក្នុងនោះបានផ្ដល់ជាអង្ករ ១០គីឡូក្រាម ថវិកា២ម៉ឺនរៀលស្មើៗគ្នា និងឃីតចំនួន១ មានជាតែ ស្កសរ ទឹកដោះគោ ត្រីខ អំបិល ប៊ីចេង ដើម្បីជួយសម្រាលដោះស្រាយបញ្ហាខ្វះខាត តាមគ្រួសារនីមួយៗចំនួន៤០គ្រួសារ ដែលកំពុងជួបការខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕