(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានជំនឿថា ប្រទេសជប៉ុននឹងបន្តជួយដល់កម្ពុជា​បន្តទៀត ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យ នៃការប្រែក្លាយខ្លួនទៅជាប្រទេស​មានប្រាក់​ចំណូលមធ្យម​កម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ ខាងមុខនេះ។

ថ្លែងនៅក្នុងបទ​សម្ភាសន៍ជាមួយលោក ពុយ គា មកពីទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូប្រចាំនៅភ្នំពេញ កាលពីថ្ងៃសុក្រមុនពេលសម្តេចចេញដំណើរបំពេញ​ទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុន លោកបានសម្តែងនូវក្តីសង្ឃឹមថា ជប៉ុននឹងបន្តផ្តល់ការគាំទ្រលើវិស័យមួយមួយចំនួនដូចជា ហេដ្ឋារចនាសម្ព័ន្ធ, ធនធានមនុស្ស, ទេសចរណ៍, និងការលើកទឹកចិត្តឲ្យវិនិយោគិនជប៉ុន មកបណ្តាក់ទុនរកស៊ីនៅកម្ពុជាបន្ថែមទៀត។

កាលពីឆ្នាំ២០១៦ កន្លងទៅនេះ ធនាគារពិភពលោក បានធ្វើការកែប្រែជាផ្លូវការនូវលំដាប់សេដ្ឋកិច្ចរបស់​ប្រទេសកម្ពុជា ឲ្យរួចផុតពីប្រទេសមានប្រាក់ចំណូលទាប ឡើងទៅជាប្រទេសដែលមានប្រាក់ចំណូល​មធ្យមកម្រិតទាបវិញ។ ប៉ុន្តែដោយសារគម្លាតរវាងអ្នកមាន និងអ្នកក្រនៅបន្តមាននៅឡើយ នាំឲ្យមានការរំពឹងទុកថា ជំនួយពីប្រទេសជប៉ុន​នៅតែត្រូវបន្តផ្តល់មក​កម្ពុជាបន្ថែមទៀត សម្រាប់បង្កើន​ហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងជួយ​ឲ្យការអភិវឌ្ឍ​មានតុល្យភាព។

សម្រាប់ដំណើរ​បំពេញទស្សនកិច្ចនៅប្រទេសជប៉ុនពេលនេះ គឺបានកើតមានឡើងចំខួបទី២៥ឆ្នាំ បន្ទាប់ពី​ការបញ្ជូនកងកម្លាំងរក្សា​សន្តិភាពរបស់ជប៉ុន មកកម្ពុជាជាលើកដំបូង ក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ ហើយក៏ចំខួបលើកទី៦០ឆ្នាំ នៃការចាប់ផ្តើមផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំកំពូល របស់ប្រទេសទាំងពីរ ដែលនៅក្នុងនោះ គឺមានលោក Nobusuke Kishi អតីតនាយករដ្ឋមន្រ្តីជប៉ុន និងជាជីតារបស់លោក ស៊ីនហ្សូ អាបេ បានបំពេញទស្សកិច្ចនៅប្រទេសកម្ពុជានៅឆ្នាំ១៩៥៧។  

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា វាយតម្លៃខ្ពស់​ចំពោះការចូលរួមវិភាគទានក្នុងដំណើរការស្វែងរក សន្តិភាពនៅកម្ពុជា ក្នុងទសវត្សរ៍​១៩៩០ និងការផ្តល់ជំនួយដ៏សន្ធឹកសន្ធាប់ សម្រាប់ស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា»។ ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៦ ប្រទេសជប៉ុនបានផ្តល់ជំនួយគិតជាទឹកប្រាក់ប្រមាណ ៣.៥ពាន់លានដុល្លារ​សហរដ្ឋអាមេរិកហើយមកដល់កម្ពុជា។

សម្តេចតេជោ បានបន្តទៀតថា «ប្រទេសជប៉ុនបានបង្ហាញឲ្យឃើញច្បាស់ តាមរយៈការគាំទ្រដ៏មាន​តម្លៃរបស់ខ្លួនទៅលើការផ្តល់ជំនួយដើម្បីអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា, ជួយធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់​ប្រជាជនកម្ពុជា និងគាំទ្រការអភិវឌ្ឍសង្គមប្រកបដោយចីរភាព»។ បន្ថែមពីនេះសម្តេច​ក៏បានសង្កត់ធ្ងន់​ផងដែរ ចំពោះតួនាទីសំខាន់នៃការរួមចំណែករបស់ជប៉ុន នៅក្នុងការជួយ​ប្រទេសកម្ពុជា ឲ្យរក្សាបាននូវកំណើនសេដ្ឋកិច្ចជាង៧ភាគរយ និងកាត់បន្ថយភាពក្រីក្រ។

អំឡុងពេលនៃដំណើរទស្សនកិច្ចចាប់ពីថៃ្ងអាទិត្យរហូតដល់ថ្ងៃពុធ សម្តេចតេជោ ហ៊ុន សែន ដែលបានកាន់អំណាច​រយៈពេល៣២ឆ្នាំមកហើយនេះ នឹងជួបជាមួយ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ។ សម្តេចតេជោ សែន និងលោក អាបេ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារនានា ពាក់ព័ន្ធនឹងការផ្តល់ជំនួយ សម្រាប់ប្រព័ន្ធការពារគ្រោះទឹកជំនន់នៅទីក្រុងភ្នំពេញ ដែលមានតម្លៃ ៣៥លានដុល្លារ ព្រមទាំងកម្ចីសម្បទានមួយតម្លៃ ២០៩លានដុល្លារ សម្រាប់សាងសង់ចំណតកុងតឺន័រថ្មីមួយទៀត នៅកំពង់ផែខេត្តព្រះសីហនុ របស់ប្រទេសកម្ពុជា។  

សម្តេចតេជោ បានថ្លែងបញ្ជាក់ទៀតថា «គោលដៅរួមនៃទស្សនកិច្ចផ្លូវការលើកនេះ គឺដើម្បីរឹតបន្តឹងទំនាក់ទំនង​សហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្ររវាង កម្ពុជា និងជប៉ុន នៅក្នុងក្របខ័ណ្ឌទ្វេភាគីផង ព្រមទាំង​ក្នុងក្របខណ្ឌអនុតំបន់, តំបន់និងអន្តរជាតិផង។ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា ខ្ញុំមាន​បំណងបន្តការពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រកម្ពុជា-ជប៉ុន ឲ្យកាន់តែរីកចំរើនថែមទៀត»

ក្រៅពីកម្ពុជា សម្តេចក៏បានមានប្រសាសន៍ផងដែរថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ត្រូវការជំនួយ​អភិវឌ្ឍន៍ផ្លូវការ​ និងការវិនិយោគ​ដោយផ្ទាល់ពីជប៉ុនផងដែរ៕