(ភ្នំពេញ)៖ ព្រឹត្ដិការណ៍ដ៏អស្ចារ្យ ដែលប្រជាពលរដ្ឋខ្មែ និងភ្ញៀវទេសចរណ៍ រងចាំទស្សនា បានមកដល់ហើយ ដោយនៅថ្ងៃទី០៥-០៦ខែសីហាខាងនេះ ដែលមានការដាក់តាំងពិព័រណ៍ អាពាហ៍ពិពាហ៍លើកទី៤ មហោស្រពសិល្បៈដណ្ដាំ ស្លម្ហូបអាហារលើកទី១៨ និងការបង្ហាញទម្រង់ ម៉ូតសម្លៀកបំពាក់ ប្រពៃណីខ្មែរលើកទី១៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ការតាំងពិព័រណ៍នេះ ធ្វើឡើងដោយមានការគាំទ្រ ពីក្រសួងពាណិជ្ជកម្ម សហការរៀបចំជាមួយក្រុមហ៊ុន សិរីមង្គល និងដឹកនាំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងមានការចូលរួម ឧបត្ថម្ភជាច្រើនទៀត ពីបណ្ដាក្រុមហ៊ុនឯកជន និងនាយកដ្ឋានអភិវឌ្ឍវប្បធម៌ ដើម្បីថែរក្សា លើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ និងផ្សព្វផ្សាយពីទំនៀមទម្លាប់ទម្រង់អាពាហ៍ពិពារហ៍ សម្លៀកបំពាក់ប្រពៃណីជាតិ ជាមួយនឹងម្ហូបអាហារខ្មែរ ឲ្យកូនចៅជំនាន់ក្រោយៗបានដឹង ពិសេសបង្ហាញដល់ភ្ញៀវអន្ដរជាតិផងដែរ។

ក្នុងព្រឹត្ដិការណ៍នោះ ក៏មានការអញ្ជើញចូលរួមដោយផ្ទាល់ពី លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយលោកស្រីក៏បានថ្លែងផងដែរថា ពិព័រណ៍ អាពាហ៍ពិពាហ៍លើកទី៤ មហោស្រពសិល្បៈដណ្ដាំ ស្លម្ហូបអាហារលើកទី១៨ និងការបង្ហាញទម្រង់ ម៉ូតសម្លៀកបំពាក់ ប្រពៃណីខ្មែរលើកទី១៧ ពិតជាព្រឹត្ដិការណ៍អស្ចារ្យ ហើយលោកស្រីសង្ឃឹមថា នឹងមានការទាក់ទាញបាន នូវការចូលរួមទស្សនាយ៉ាងច្រើនកុះករ ពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ផងដែរ ។

លោកស្រី ភឿង សកុណា ក៏បានជំរុញឲ្យកូនខ្មែរចូលរួមគាំទ្រ​ លើកកម្ពស់ និងថែរក្សាប្រពៃណីជាតិខ្មែរ ដ៏ឧត្តុង្គឧត្តមនេះ ប្រកបដោយអត្ថន័យ ឲ្យយុវជនជំនាន់ក្រោយ កាន់តែយល់ច្បាស់ អំពីកេរតំណែល ដែលដូនតាបានបន្សល់ទុកឲ្យនេះ។

ទន្ទឹមនឹងនោះ អ្នកស្រី សំរិទ្ធ ប៊ុននិច្ច ប្រធានផ្នែកទីផ្សារ នៃសណ្ឋាគារ និងរមណីយដ្ឋានសុខា ក៏បានថ្លែងផងដែរថា ថ្ងៃនេះសណ្ឋាគារយើង ក៏បានចូលរួមដាក់តាំងពិព័រណ៍ដែរ ដោយមានការតុបតែងលម្អស្តង់ទំហំ៦ x ១៨ម៉ែត្រ បង្ហាញពីសេវាកម្មរៀបចំអាពាហ៍ពិពាហ៍ ដែលសណ្ឋាគារ និងរមណីយដ្ឋានសុខាមានដ៏ល្អប្រណិតនេះ ជូនភ្ញៀវជាតិ និងអន្ដរជាតិ ទស្សនា ដើម្បីចូលរួមចំណែក គាំទ្រវប្បធម៌ និងប្រពៃណីជាតិខ្មែរ និងឲ្យយុវជនបច្ចុប្បន្ន យល់កាន់តែយល់ច្បាស់អំពីកេរតំណែល ដែលដូនតាបានបន្សល់ទុក និងភាពអស្ចារ្យនៃការច្នៃប្រឌិត សម្ភារៈ ឬឧបករណ៍បុរាណ ឲ្យមានភាពទាក់ទាញទាន់សម័យកាលផងដែរ ។

អ្នកស្រីបន្តថា លើសពីនះ សេវាកម្មលំដាប់ផ្កាយ៥របស់សណ្ឋាគារយើង មានផ្តល់ជូនម្ហូបអាហារដ៏មានឱជារស គុណភាពល្អ អនាម័យខ្ពស់ យ៉ាងសម្បូរបែប។

គូររម្លឹកផងដែរថា ការតាំងពិព័រណ៍ នៅឆ្នាំនេះ មានជាង១០០ស្ដង់ សម្រាប់តាំងបង្ហាញជូនមហោស្រពសិល្បៈ ដណ្ដាំស្លម្ហូបអាហារ និងការបង្ហាញទម្រង់ម៉ូតសម្លៀកបំពាក់ កសិករផលិតពីក្រមា ការប្រើប្រាស់សម្ភារៈផលិតពីត្នោត និងរបាំកំប្លោកជាដើម។ ដោយឡែកសិរីមង្គល ក៏មានរៀបចំសម្ដែង ពីទម្រង់អាពាហ៍ពិពាហ៍ដែលកម្រៗ ចំនួន៣ គឺ ពិធីចងសំរោង, ពិធីព្រាងកន្ទោង ឬក្រិតនំ, និងពិធីហែជំនូ​​នបែបអ្នកស្រុក ខេត្ដព្រះសីហនុផងដែរ៕