(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានសំដែងនូវសាទរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានគំរោងចុះជួបបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រសហគ្រាស ដើម្បីស្វែងយល់ពីស្ថានភាពការងាររបស់ពួកគេ​។

លោក សោម អូន បានបន្ថែមថា «វត្តមានរបស់សម្តេចតេជោ នៅតាមបណ្តារោងចក្រសហគ្រាស ពិតជាមានសារសំខាន់ណាស់ និងជាព្រឹត្តិការណ៍ថ្មីមួយទៀត សម្រាប់បងប្អូនកម្មករនិយោជិត ដែលត្រូវបាននាយករដ្ឋមន្ត្រីរបស់ខ្លួន ចុះទៅជួបសំណេះសំណាល និងស្វែងយល់ដោយផ្ទាល់ពីស្ថានភាពការងារ និង​ស្ថានភាពលក្ខខណ្ឌការងារ ក៏ដូចជាស្ថានភាពជីវភាពរបស់បងប្អូនកម្មករ»

មេសហជីពរូបនេះ ​បានបញ្ជាក់ថា ក្រុមសហជីព និង​កម្មករមានសេចក្តីរីករាយ និងមានមោទនភាពណាស់ បន្ទាប់ពីបានទទួលពត៌មានថា សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នឹងចុះស្វែងយល់ដោយផ្ទាល់ពីស្ថានភាព កម្មករ ដល់កន្លែងការងារ​។

លោក សោម អូន បានបន្ថែមថា បច្ចុប្បន្នស្ថាបភាពជីវភាពរបស់កម្មករមានលក្ខណៈល្អប្រសើរច្រើនហើយ ក៏ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀត ដូចជារោងចក្រខ្លះ មិនទាន់មានអាហារដ្ឋាន (កន្លែងកម្មករហូបបាយ) សមរម្យ, បរិស្ថានក្នុងរោងចក្រមួយចំនួន នៅមិនទាន់ល្អ, រថយន្តដឹកកម្មករ មិនទាន់ធានាសុវត្ថិភាព (ជិះរថយន្តដឹកទំនិញ) និង​ផ្ទះជួលសម្រាប់កម្មករស្នាក់នៅមួយចំនួន មិនទាន់មានផាសុខភាពនៅឡើយ។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីថា សម្ដេច នឹងជួបកម្មករផ្ទាល់នៅតាមបណ្ដារោងចក្រ សហគ្រាសផ្សេងៗ ដើម្បីស្វែងយល់ពីការរស់នៅ និងសុខទុក្ខរបស់កម្មករ កម្មការិនី៕