(បន្ទាយមានជ័យ)៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៥ ខែសីហានេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស សាខាបក្សខេត្ត ស្រុក ក្រុង ចំណុះគណៈកម្មាធិការនៃគណបក្សសង្កាត់ស្រុកក្រុង។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រកាស លោកសួន បវរ ជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ជាផ្លូវការចាប់ពីថ្ងៃនេះ ចំណែកលោកអ៊ុង អឿន ជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យចាស់ បានមកកាន់ជាប្រធានក្រុមប្រឹក្សាខេត្ត។

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសម្តេចតេជោហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដោយលោកទាំងពីរ តែងតែគិតគូរដល់ក្រុមយុវជន ដែលជាទំពាំងស្នងឬស្សី ដើម្បីបន្តវេនកសាងប្រទេសជាតិ និងធ្វើជាគំរូដល់ក្មេងៗជំនាន់ក្រោយ។

លោកបន្តថា «ក្នុងនាមយើងជា យុវជនសកម្មជនរបស់គណបក្សប្រជាជន ដើរតួនាទីយ៉ាងសំខាន់ ដូចជាដើរ ឃោសនា, បិទពាក្យស្លោកផ្សេងៗ ត្រូវគោរពក្រមសីលធម៌ ឈរលើគោលការណ៍ ច្បាស់លាស់ របស់គណបក្សប្រជាជន ដោយឲ្យក្រុមយុវជន ផ្សារភ្ជាប់ រវាងទីក្រុងនិងជនបទ»

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សមិទ្ធិផល ជាច្រើនបានកើតឡើង ក្រោយសង្គ្រាម គឺ ទទួលបានមកពីការខិតខំប្រឹងប្រែងអភិឌ្ឍន៍ពីបាតដៃ ទទេរបស់ គណបក្សប្រជាជនកម្ពុជា ជាពិសេស អភិវឌ្ឍន៍ លើធនធានមនុស្ស ។ រយៈពេលជាច្រើនឆ្នាំ ប្រទេសកម្ពុជាបានអភិវឌ្ឍន៍លើផ្នែកសេដ្ឋកិច្ច និងនយោបាយ ហើយ និងបានបញ្ជ ប់នូវសង្គ្រាម បង្ហូរឈាម ដែល ធ្វើឲ្យកម្ពុជា ប្រែក្លាយទៅជា ប្រទេសមួយមានឈ្មោះ មានមុខមាត់ នៅលើ ឆាក អន្តរជាតិ ដោយ ផ្តើមចេញពី នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ។

លោកបានថ្លែងទៀតថា កម្ពុជា ក្រោមការដឹកនាំ របស់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែនគឺ បាននិងកំពុង យកចិត្តទុកដាក់ និង ផ្តល់ អាទិភាព យ៉ាងខ្លាំងលើ វិស័យសុខាភិបាល ពិសេស គឺវិស័យអប់រំ តែម្តង ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង តាមរយៈការតម្លើងប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភ ជូនដល់មន្ត្រីរាជការ ពិសេសលោកគ្រូ អ្នកគ្រូ និងវិស័យសុខាភិបាល ។

នាឱកាសនេះលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិបានផ្តល់កាដូកំដរដៃដល់ សមាជិក-សមាជិកា ចូលរួម អបអរសាទរ ប្រមាណ១៧០០នាក់ ព្រមទាំងបានទទួលអំណោយនូវសារ៉ុងម្នាក់១ផងដែរ៕