(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ បានចាប់ផ្តើមដោះប្តូរស្លាកសញ្ញាគណបក្សរបស់ខ្លួន នៅតាមបណ្តាខេត្តនានាជាបណ្តើរៗហើយ ស្របពេលលោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ស្នើ​ដល់​ថ្នាក់​ដឹកនាំ​គណបក្ស រាជធានី-​ខេត្ត ក្រុង-​ស្រុក-​ខណ្ឌ នៅ​ទូទាំង​ប្រទេស ធ្វើការ​ពន្លឿន​ការ​ផ្លាស់ប្ដូរ​សញ្ញា​គណបក្ស​ឲ្យ​បាន​ឆាប់​រហ័ស។ នេះ​បើ​តាម​សេចក្តី​ណែនាំ​ស្ដី​ពី​ការ​ផ្លាស់ប្ដូរ​ស្លាក​សញ្ញា​គណបក្ស​សង្រ្គោះជាតិ។

ជាក់ស្តែង នៅស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តសៀមរាប ក្រុមការងារបានរៀបចំកិច្ចប្រជុំប្រចាំខែ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិស ដៅសម្រាប់ខែបន្ទាប់ ជាពិសេសពន្លឿនការផ្លាស់ប្តូស្លាក គណបក្សតាមស្នាក់ការគណបក្សមូលដ្ឋាន និងទីប្រជុំជន ដោយមានការចូលរួមពីលោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ។ ចំណែកខេត្តស្វាយរៀងវិញ លោក អ៊ូ ចាន់ឫទ្ធិ និងលោក គង់ សភា ជាប្រធាន-អនុប្រធានក្រុមការងារខេត្ត ស្វាយរៀង បានដឹកនាំក្រុមការងារខេត្ត បកស្លាកគណបក្សរូបចាប់ដៃ នៅតាមបណ្តោយផ្លូវជាតិលេខ១ នាក្រុងបាវិត ផងដែរ។

ការ​ស្នើ​ពន្លឿនរបស់លោក កឹម សុខា ​នេះ ធ្វើឡើងបន្ទាប់​ពី​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់ ​ស្ដី​ពី​គណបក្ស​នយោបាយ ចូល​ជា​ធរមានដោយ​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្រ្គោះជាតិ​ប្រើប្រាស់​ស្លាក​សញ្ញា​គណបក្ស​ចាស់ ដែល​មាន​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា ​ចាប់ដៃ​គ្នានោះ​ទេ៕