(កំពង់ចាម)​៖​ យោងតាមលក្ខន្តិកៈ​ និងវិធាននៃនីតិក្រមរបស់កាកបាទក្រហមកម្ពុជា​ ក្នុងផ្នែកទី​ ៦​ វិធានទី​ ៣៣​ ស្តីពីសន្និបាតសាខា​ និងយោងមាត្រា​ ២៤​ កថាខណ្ឌទី​ ៣​ នៃលក្ខន្តិកៈកាកបាទក្រហមកម្ពុជា​ នៅថ្ងៃទី​ ៥​ ខែ​សីហា​ ឆ្នាំ២០១៧​ នេះ​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម​ បានប្រារព្ធសន្និបាតវិសាមញ្ញ​ ដើម្បីប្រកាសតែងតាំងបន្ថែមអនុប្រធានកិត្តិយសសាខា​ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាថ្មី ដើម្បីដឹកនាំសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម​បន្តអាណត្តិទី៤​ (២០១៤-២០១៩)។

សន្និបាតវិសាមញ្ញ​នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព​ លោក​ ហ៊ុន​ ណេង​ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីលោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា​ ព្រមទាំង​ សមាជិក-សមាជិកាពេញសិទ្ធិ​ចំនួន​ ១២៤នាក់​ អ្នកសង្កេតការណ៍ មន្ត្រី​បច្ចេកទេសទីស្នាក់ការកណ្តាល​ មន្ទីរពាក់ព័ន្ធ​ អ្នកស្ម័គ្រចិត្ត​ និងយុវជនកាកបាទក្រហមកម្ពុជា​ សរុប​ចំនួន​ ២១៦នាក់។

គោលបំណងសំខាន់នៃសន្និបាតវិសាមញ្ញនេះ​ មាន​ ២ចំណុចគឺ​ ៖​
១/​ ស្តាប់​ និងកែលម្អរបាយការណ៍សកម្មភាពការងារ​ និងហិរញ្ញវត្ថុ​ ដែលសម្រេចក្នុងរយៈពេល​កន្លងមក​ (២០១៤-២០១៧)​ និងអនុម័តផែនការទិសដៅបន្តអាណត្តិទី​ ៤​ (២០១៤-២០១៩)។
២/​ បោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការសាខា​ សមាជិក​ និងសមាជិកបំរុង​ ជំនួសប្រធានគណៈកម្មាធិការសាខា​ និងសមាជិកដែលបានផ្ទេរភារកិច្ច។

​ក្នុងឱកាសសន្និបាតវិសាមញ្ញនេះ​​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា បានសម្រេចតែងតាំង លោក​ លន់​ លឹមថៃ​ និងលោក គួច​ ចំរើន​ ជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម​ អាណត្តិទី​ ៤ បន្ត​ បន្ថែមពីលើសមាសភាពអនុប្រធានកិត្តិយសសាខា​ ដែលមានស្រាប់ចំនួន​ ១៩នាក់។

ជាមួយគ្នានេះ​ សន្និបាតវិសាមញ្ញ​ បានបោះឆ្នោតទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខា​ ចំនួន​ ១៦នាក់​ ដែលមាន ប្រធាន​ ១នាក់​, អនុប្រធាន​ ២នាក់​,​ ហេរញ្ញិក​ ១នាក់,​ លេខាធិការ​ ១នាក់,​ សមាជិក-សមាជិកា​ ៨នាក់,​ និងសមាជិកបម្រុង​ ៣នាក់​ ដែលមានសន្លឹកឆ្នោតយល់ព្រមចំនួន​ ១២១,​ មិនយល់ព្រមចំនួន​ ១​ និងមិនបានការ​ចំនួន ២​ លើសន្លឹកឆ្នោតសរុបចំនួន​ ១២៤។

ជាចុងបញ្ចប់នៃសន្និបាត លោក​ ប៉ុង​ យ៉េន​ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម​ អាណត្តិទី​ ៤​ បន្ត បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ​ អនុវត្តឱ្យបានជោគជ័យជាបន្តបន្ទាប់​ នូវទិសដៅយុទ្ធសាស្ត្រ​ និងផែនការសកម្មភាព​ឱ្យទទួលបានកាន់តែមានប្រសិទ្ធភាព​ និងទទួលបានការគាំទ្របន្ថែមទៀត​៕