(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រកាសជាសាធារណៈ ទៅកាន់ប្រជាពលរដ្ឋទាំងអស់ ពីវិធានការដ៏តឹងរឹង និងគ្មានការយោគយល់ ក្នុងគោលបំណងទប់ស្កាត់ ការសង់សំណង់ខុសច្បាប់ និងចាក់ដីលុបប្រឡាយ លុបអាងស្តុកទឹក នៅក្នុងរាជធានីភ្នំពេញ ដែលកត្តាទាំងអស់នេះហើយ ដែលបានចូលរួមចំណែក នាំឲ្យទឹកជន់លិច នៅក្នុងរាជធានីភ្នំពេញនោះ។

ការប្រកាសបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧នេះ ខណៈដែល​លោកបានដឹកនាំអភិបាលរង និងមន្រ្តីជំនាញ ចុះទៅពិនិត្យផ្ទាល់ប្រឡាញ រំដោះទឹកស្អុយ នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ព្រមទាំងការជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ នៅតាមផ្ទះផងដែរ។

សូមបញ្ជាក់ថា ការសង់សំណង់ខុសច្បាប់ ការចាក់ដីលុបប្រឡាយ ក៏ដូចជា អាងស្តុកទឹក និងបឹងធម្មជាតិ នៅក្នុងរាជធានីភ្នំពេញ ក៏បានក្លាយជាប្រធានបទមួយ រងការរិះគន់ ពីប្រជាពលរដ្ឋ យូរឆ្នាំមកហើយ ក៏ដោយសារតែសកម្មភាពខុសច្បាប់ទាំងនេះ បានធ្វើឲ្យទឹកជន់លិច នាពេលកន្លងទៅ ក្នុងរាជធានីភ្នំពេញ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ក៏ដូចជា ទឹកពីតាមបណ្តាខេត្ត (ស្ទឹងព្រែកត្នោត) បានហូរចូលមកកាន់ រាជធានីមួយនេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានលោក ឃួង ស្រេង បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះ ក៏ដូចជា រៀងរាល់សប្តាហ៍ ខ្ញុំតែងតែចុះពិនិត្យមើលតំបន់មួយចំនួន ដែលងាយរងគ្រោះ ពីព្រោះកន្លែងខ្លះ បើមិនចុះពិនិត្យ ដើម្បីបន្តនិរន្តរភាពរដ្ឋបាល វាអាចមានជនឪកាសនិយម ចង់សាងសង់ ឬរៀបចំចាក់ដី នៅលើអាងស្តុក និងនៅលើប្រឡាយ »។

ទន្ទឹមនឹងការគ្រប់គ្រងលើបញ្ហានេះ កាន់តែមានប្រសិទ្ធភាព លោក អភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យអភិបាលរង និងមន្រ្តីជំនាញ ចុះថតនៅតាមប្រឡាយ ដើម្បីប្រគល់ឲ្យអភិបាលខណ្ឌ និងចៅសង្កាត់ គ្រប់គ្រង ធ្វើយ៉ាងណាកុំឲ្យមានសំណង់ថ្មីកើតឡើយ។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា «រាជធានីភ្នំពេញ បើអត់ប្រឡាយ អត់អាងស្តុកទឹកនេះ យើងអត់សង្ឃឹមលើអីទេ ពីព្រោះ ទីក្រុងភ្នំពេញ ឥលូវនេះ មិនត្រឹមតែអភិវឌ្ឍន៍ លើបរិមាណទេ តែស៊ីជំរៅ មានទៅលើ និងក្រោមដី»។

សូមស្តាប់ការលើកឡើងរបស់លោក ឃួង ស្រេង ខាងក្រោមនេះ៖