(ស្វាយរៀង)៖ លោកស្រី ម៉ែន សំអន សមាជិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងប្រធានគណៈកម្មាធិការកណ្តាល ចុះជួយខេត្តស្វាយរៀង បានជម្រុញឲ្យក្រុមការងារចុះមូលដ្ឋាន ឲ្យបានសកម្មនៅគ្រប់ទីកន្លែង ពិសេសត្រូវចុះឲ្យដល់ភូមិនីមួយៗគ្រួសារនីមួយៗ សំដៅដោះស្រាយការលំបាកនានា ជូនប្រជាពលរដ្ឋដើម្បីពង្រឹងរក្សាសម្ព័ន្ធភាពគ្រួសារបក្ស នៅតាមភូមិ ឃុំ សង្កាត់ដើម្បីធានាថា សមាជិកបក្សមួយរូប គឺសន្លឹកឆ្នោតគាំទ្រមួយសន្លឹក សម្រាប់គណបក្សប្រជាជនកម្ពុជាពិតប្រាកដ។

លោកស្រី ម៉ែន សំអន ក៏បានផ្តាំផ្ញើដល់សមាជិកបក្សត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្ស រឹងមាំ និងល្អប្រសើរជាពិសេសនៅថ្នាក់មូលដ្ឋាន សំដៅគណបក្សបាននូវកម្លាំងស្នូល និងកម្លាំងពិតរបស់គណបក្សនៅថ្នាក់មូលដ្ឋាន។

នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧នេះ លោកស្រី ម៉ែន សំអន បានអញ្ជើញចូលរួមប្រជុំបូកសរុបការងារអនុវត្តភារកិច្ច របស់ក្រុមការងារគណៈកម្មាធិការកណ្តាល ចុះជួយខេត្តស្វាយរៀង ដំណាក់កាលទី៦ លើកទី១៣-១៤ និងទិសដៅភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តដំណាក់កាលទី៦ លើកទី១៥។ ពិធីនេះបានប្រព្រឹត្តិទៅ នៅសាលប្រជុំមន្ទីរគណបក្សខេត្ត ដែលមានការចូលរួមពីលោក លោកស្រី ជាសមាជិកប្រមាណជិត១០០០នាក់ផងដែរ។

លោកស្រី ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះលទ្ធផល ដែលក្រុមការងារគ្រប់ផ្នែករួម ជាមួយថ្នាក់ដឹកនាំ គណបក្សនៅមូលដ្ឋានដែលបានយកចិត្តទុកដាក់ សហការបំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្តបន្ទាប់ ជាពិសេសលទ្ធផល នៃការចាត់តាំង អនុវត្តន៍សេចក្តីសំរេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ។

លោកស្រី ម៉ែន សំអន បានបន្តទៀតថា «ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រ និងទិសដៅសំខាន់ៗ ជាបន្តបន្ទាប់ទៀតនោះ ក្រុមការងារគណបក្សទាំងអស់ ត្រូវបន្តចុះផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវជ័យជំនះដ៏ត្រចះត្រចង់ របស់គណបក្សក្នុងការបោះឆ្នោតឆ្នាំ២០១៧ ឲ្យបានដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិក សមាជិកាគណបក្សប្រជាជន នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីលើកទឹកចិត្ត និងជម្រុញបង្កើនសន្ទុះនៃការគាំទ្រគណបក្ស ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ ឲ្យទទួលបានជោគជ័យកាន់តែធំធេងជាងនេះទៀត។ គណបក្សគ្រប់ថ្នាក់ពិសេសថ្នាក់ឃុំ សង្កាត់ត្រូវជម្រុញការធ្វើបច្ចុប្បន្នភាព សមាជិកបក្ស និងមេគ្រួសារបក្ស ក្រោយការបោះឆ្នោតឡើងវិញ ឲ្យបានច្បាស់លាស់សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការគ្រប់គ្រងគណបក្សខេត្ត ត្រូវបោះពុម្ពគំរូសៀវភៅមេគ្រួសារបក្សចែកជូនគ្រប់មូលដ្ឋាន»៕