(ស្វាយរៀង)៖ ស្ថានីយថាមពលដើរដោយពន្លឺព្រះអាទិត្យ ដែលមានទំហំ១០មេហ្គាវ៉ាត់ នៅក្រុងបាវិត ខេត្តស្វាយរៀង នឹងត្រូវបានដាក់ឲ្យដំណើរការសាកល្បង នៅពាក់កណ្តាលខែសីហានេះ  ខណៈសាងសង់បាន៩៣ភាគរយហើយ។

​អ្នកជំនាញរបស់ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ដឹកនាំដោយ លោក ទុន លាន អនុរដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ចុះត្រួតពិនិត្យដំណើរការ សាងសង់ស្ថានីយថាមពលដើរដោយពន្លឺព្រះអាទិត្យនេះ។

ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ស្ថានីយថាមពលដើរដោយពន្លឺព្រះអាទិត្យនេះ ជាស្ថានីយថាមពលព្រះអាទិត្យទី១ ដែលនឹងត្រូវដាក់ឲ្យដំណើរការសាកល្បង នៅពាក់កណ្តាលខែសីហានេះ ហើយសង្ឃឹមថា ប្រភពថាមពលបៃតងមួយនេះ នឹងអាចមានលទ្ធភាពភ្ជាប់ជាមួយ បណ្តាញជាតិនាពេលខាងមុខ។

សូមជម្រាបថា ស្ថានីយថាមពលអគ្គិសនី ដើរដោយ​ពន្លឺព្រះអាទិត្យ អានុភាព១០មេហ្គាវ៉ាត់នេះ វិនិយោគដោយក្រុមហ៊ុន Sunseap Asset ដែលមានតម្លៃ​​១២.៥លានដុល្លារ ដែលមានរយៈពេលកិច្ចសន្យា២០ឆ្នាំ៕