(ភ្នំពេញ)៖ សិល្បករ-សិល្បការិនី ល្បីៗជាច្រើនដួង មកពីគ្រុបក្រុមគ្រួសារតារាកម្ពុជា បានអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករ ក្នុងព្រឹត្តិកាណ៍សប្បុរសធម៌ មួយមានឈ្មោះថា «មួយម៉ឺនអាល័យ!» ដែលជាកម្មវិធីរៀបចំឡើងដោយក្រុម «ព្រះសូរីយា» ដើម្បីស្វែងរកថវិកា ជួយដល់សិល្បករ-សិល្បការិនី ចាស់ជរា បាត់បង់សមត្ថភាព គ្មានទីពឹង ដែលពួកគាត់ បានបន្សល់ទុកនូវស្នាដៃសិល្បៈ វប្បធម៌ខ្មែរ ដល់កូនចៅជំនាន់ក្រោយ​ ជាច្រើន។

លោក យាង វណ្ណី ប្រធានក្រុមព្រះសូរិយា បានថ្លែងឲ្យដឹងថា កាលពីឆ្នាំ២០១៦ ក្រុមព្រះសូរិយា បានរៀបចំកម្មវិធី «មួយម៉ឺនអាល័យ» ​ម្ដងរួចមកហើយ ដោយទទួលបានការគាំទ្រ ​ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាអ្នកសិល្បៈវ័យក្មេង និងយុវវ័យជាច្រើន ផងដែរ។

ប្រធានក្រុមព្រះសូរិយារូបនេះ បានបន្តឲ្យដឹងទៀតថា កម្មវិធី «មួយម៉ឺនអាល័យ» ធ្វើឡើងក្នុងគោលបំណង៣​សំខាន់ ទី១ គឺលើកយកភាពយន្តចាស់ៗ កាលពីមុនសម័យ​ខ្មែរ​ក្រហម យកបញ្ចាំង​​ជូនមហាជន​ទស្សនាឡើងវិញ, ទី២ គឺដើម្បីឲ្យមហាជនយល់ដឹងពីតម្លៃ នៃ​ខ្សែភាពយន្តពីសម័យដើម ដែលយើងមិនអាចបំភ្លេចបាន និងវិសាលភាព​នៃភាពយន្តខ្មែរ នៅតាមប្រទេសជិតខាង និងទី៣ គឺក្នុងគោលបំណងរៃអង្គាសថវិកា ទ្រទ្រង់ដល់ក្រុមព្រះសូរិយា និងជួយដល់អ្នកសិល្បៈចាស់ជរា គ្មានទីពឹងជាដើម។

​លោក យាង វណ្ណី ប្រធានក្រុមព្រះសូរិយា បានបញ្ជាក់ឲ្យដឹងថា រូបលោក​រួមនិងសមាជិកក្រុម បានបង្កើត​កម្មវិធីសប្បុរសធម៌មួយ មានឈ្មោះថា ​«មួយម៉ឺនអាល័យ» ដើម្បីស្វែងរកថវិកា​ជួយដល់សិល្បករចាស់​ និងជួយទ្រទ្រង់ដល់សកម្មភាព ស្រាវជ្រាវ​របស់ក្រុមព្រះសុរិយា។ កម្មវិធី «មួយម៉ឺនអាល័យ» នេះ រៀបចំដោយ​ក្រុម​ព្រះសុរិយា​ ដោយមានការ គាំទ្រពីក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​  មានការឧបត្ថម្ភកម្មវិធី​​ ពីក្រុមហ៊ុនធំំៗមួយចំនួនទៀត ដូចជា ក្រុមហ៊ុន វីតាល់​ ជាដើម។

លោក យាង វណ្ណី បានបញ្ជាក់ឲ្យដឹងថា កម្មវិធីសប្បុរសធម៌ «មួយម៉ឺនអាល័យ»​ ជាកម្មវិធី​ប្រមូលយករឿងពីសម័យកាលមុន និង​តារាភាពយន្តពីទសវត្ស​ទី​៦០​ និង៧០​ បង្ហាញដល់បងប្អូនទស្សនិកជន សារជាថ្មី​​។​

គួរបញ្ជាក់ថា រាល់ចំណូលដែលបាន​ពីការលក់សំបុត្រ ចូលរួមទស្សនា​ខ្សែភាពយន្ត ពីទសវត្សទី​៦០​ និង៧០នេះ ​នឹងយកទៅជួយ និងគាំទ្រដល់​សិល្បករចាស់ៗ​ ដែលគ្មានលទ្ធភាព និងក្រខ្សត់ គ្មានទីពឹង​។ សម្រាប់សំបុត្រចូលទស្សនា គឺលក់ក្នុងតម្លៃ ២០០០០រៀល៕