(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំកម្ពុជា (U22) នឹងទទួលបានប្រាក់រង្វាន់លើក ទឹកចិត្តចំនួន ២០០០ដុល្លារសហរដ្ឋអាមេរិកជាក្រុម សម្រាប់ជ័យជំនះ១ប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡា SEA Games 2017 ដែលមានម៉ាឡេស៊ីធ្វើម្ចាស់ផ្ទះ នេះបើយោងតាមលោក វ៉ាត់ ចំរើន នាយកបេសកកម្មថ្លែងប្រាប់ Fresh News ព្រឹកថ្ងៃសៅរ៍ ទី៥ ខែសីហានេះ។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ខាងលើបានបញ្ជាក់ថា U22 កម្ពុជានឹងទទួលបាន ២០០០ដុល្លារពីក្រុមហ៊ុនស្រាបៀរអង្គរសម្រាប់ជ័យជំនះក្នុង១ប្រកួតនៃវគ្គសន្សំពិន្ទុដែលកម្ពុជាស្ថិតក្នុងពូល B ជាមួយ ក្រុម U22 វៀតណាម, U22 ហ្វីលីពីន, U22 ឥណ្ឌូនេស៊ី, U22 ទីម័រខាងកើត និង U22 ម្ចាស់មេដាយមាស SEA Games 2015 ថៃ។

ក្រុមហ៊ុននឹងបន្តឧបត្ថម្ភទឹកប្រាក់ ៥០០០ដុល្លារដល់ U22 កម្ពុជា ប្រសិនបើក្រុមដែលមានរហស្សនាមថា «គោព្រៃ» ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (វគ្គ៤ក្រុមចុងក្រោយ) គ្រាដែលឈ្នះមេដាយមាសក្រុមហ៊ុនឧបត្ថម្ភ ៨០០០ដុល្លារ ប្រាក់ ៥០០០ដុល្លារ និង ៣០០០ដុល្លារសម្រាប់មេដាយសំរឹទ្ធ។

ពិសេសជាងនេះទៅទៀត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) លោក ខៀវ សាម៉េត ធ្លាប់បានថ្លែងប្រាប់ Fresh News ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងឧបត្ថម្ភ ១០០០ដុល្លារក្នុងម្នាក់ៗ គ្រប់ការប្រកួតរបស់ក្រុមបាល់ទាត់ដែលទទួលបានជ័យជំនះទាំងឈុតធំ និងឈុតយុវជន មិនថាការប្រកួតមិត្តភាព និងប្រកួតផ្លូវការឡើយ។

សូមបញ្ជាក់ផងដែរថា តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ការឈ្នះមេដាយជាក្រុមក្នុងព្រឹត្តិការណ៍កីឡាដែលលេង ២ឆ្នាំម្តង SEA Games មេដាយមាសនឹងទទួលបាន ៤០លានរៀល (១ម៉ឺនដុល្លារ) មេដាយប្រាក់ ៣០លានរៀល (៧ពាន់ ៥រយដុល្លារ) និងមេដាយសំរឹទ្ធទទួលបាន ១៦លានរៀល (៤ពាន់ដុល្លារ)៕