(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជម្រុញឲ្យក្រុមហ៊ុនដែលទទួលបានសិទ្ធិ ក្នុងការតម្លើងអំពូលភ្លើងថ្មីត្រូវអនុវត្ត ការងាររបស់ខ្លួនឲ្យបានលឿន ពោលគឺត្រូវបញ្ចប់ការងាររបស់ខ្លួនឲ្យបានរួចរាល់ ក្នុងរយៈពេលមួយខែទៀត ស្របពេលដែលការផ្លាស់ប្តូរ អំពូលភ្លើងចាស់ ដាក់ជំនួសនូវអំពូលប្រភេទថ្មី LED និងបន្ថែម អំពូលភ្លើងថ្មី សម្រាប់បំភ្លឺទីសាធារណៈក្នុងរាជធានីភ្នំពេញទាំងមូល សម្រេចបានប្រមាណ៩០ភាគរយហើយនោះ។

ការជម្រុញបែបនេះ​របស់អភិបាលរាជធានីភ្នំពេញ ត្រូវបានធ្វើឡើង​ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំ​ជាមួយក្រុមហ៊ុនភីធីឌី (PTD) ដែលជាក្រុមហ៊ុនទទួលសិទ្ធិ ក្នុងការអនុវត្តន៍ការងារតម្លើងអំពូលភ្លើង បំភ្លឺផ្លូវសាធារណៈ និងអាជ្ញាធរមូលដ្ឋាន ដើម្បីត្រួតពិនិត្យអំពី លទ្ធផល នៃការអនុវត្ត ក្រោយពីក្រុមហ៊ុនបានចុះកិច្ចសន្យារួច។

លោក ឃួង ស្រេង ​បានលើកឡើងថា ភ្លើងបំភ្លឺផ្លូវសាធារណៈនេះ​មានអត្ថប្រយោជន៍ច្រើន ក្រៅពីបំភ្លឺផ្លូវ វាក៏ជាចំណែកមួយ ក្នុងការចូលរួម ធ្វើឲ្យការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល គឺឃុំសង្កាត់ មានសុវត្ថិភាព ដោយកាត់បន្ថយបានបទល្មើស គ្រប់ប្រភេទនៅ ក្នុងរាជធានី។​ នៅពេលយប់បើសិនជាមានភ្លើងបំភ្លឺគ្រប់គ្រាន់ ពិសេសតាមទីសាធារណៈ វាជាចំណែកមួយ ក្នុងការកាត់បន្ថយ បទល្មើសធ្វើឲ្យ ជនល្មើស មិនហ៊ានប្រព្រឹត្តបទល្មើសផ្សេង​ៗ នៅពេលយប់។

​អភិបាលរាជធានីភ្នំពេញ ​បានស្នើឲ្យក្រុមហ៊ុនភីធីឌី (PTD) ដែលទទួលសិទ្ធិក្នុងការអនុវត្តន៍ការងារ តម្លើងអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈ យកចិត្តទុកដាក់ពន្លឿនសកម្មភាព ឲ្យបានលឿន ដោយផ្លាស់ប្តូរអំពូលភ្លើងចាស់ ដាក់ជំនួសនូវអំពូលប្រភេទថ្មី LED និងបន្ថែមអំពូល ភ្លើងថ្មី សម្រាប់បំភ្លឺទីសាធារណក្នុងរាជធានីភ្នំពេញទាំងមូល។

ជាមួយគ្នានោះ ភាគីក្រុមហ៊ុនបានអះអាងថា ក្រុមហ៊ុនបានផ្លាស់ប្តូរអំពូលភ្លើងចាស់ និងបំពាក់អំពូលថ្មីរួចរាល់បានចំនួន៤៥៥ខ្សែ ស្មើនឹង១៥,០០០គោម ហើយកិច្ចការដែលនៅសេសសល់ ត្រូវផ្លាស់ប្តូរប្រហែលជា១០% ស្មើនឹង១០០០គោមទៀត នឹងត្រូវចំនាយពេល ១ខែទៀត អាចនឹងបញ្ចប់ទាំងស្រុង។

លោក ម៉េត មាសភក្តី អ្នកនាំពាក្សរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនោះ លោកអភិបាល​បានណែនាំឲ្យបង្កើត គណៈកម្មការមួយ ដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចសន្យា ពោលគឺរាល់កិច្ចការដែលបានធ្វើកិច្ចសន្យារួចហើយ ត្រូវត្រួតពិនិត្យឲ្យមាន តុល្យភាពគណនេយ្យភាពចំពោះការងារ ថាតើក្រុមហ៊ុនបានធ្វើអ្វីខ្លះ ធ្វើហើយឬនៅ នៅសល់កម្រិតណា ក្រោយពេលចុះកិច្ចសន្យាជាមួយ សាលារាជធានីភ្នំពេញ ដើម្បី​ដាក់ទិសដៅ និងណែនាំឲ្យក្រុមហ៊ុន ធ្វើការបំពេញបន្ថែមនូវអ្វីដែលមិនទាន់បានអនុវត្ត។

ទន្ទឹមនឹងនោះ លោកអភិបាលរាជធានី បានណែនាំទៅមន្ទីសាធារណការ ដែលជាសេនាធិការផ្ទាល់ និងជាអ្នកជំនាញ រួមទាំងសាលា ខណ្ឌទាំង១២ ធ្វើយ៉ាងណាសហការគ្នាជួយមើល ហើយកុំគិតថានេះជាការងាររបស់សាលារាជធានីភ្នំពេញតែមួយ ត្បិតថា​រដ្ឋបាលរាជធានីភ្នំពេញ បានចុះកិច្ចសន្យា ផ្តល់ទៅឲ្យក្រុមហ៊ុនជាអ្នកវិនិយោគមែនពិត ប៉ុន្តែផ្លូវសាធារណៈទាំងអស់ ស្ថិតនៅក្នុង ដែនសមត្ថកិច្ចរបស់ខណ្ឌ និងសង្កាត់រៀងៗខ្លួន ដែលទាមទារឲ្យអាជ្ញាធរត្រូវដឹងឮ ត្រួតពិនិត្យ មើលទីតាំងណានៅក្នុងមូលដ្ឋានរបស់ខ្លួន មិនទាន់មានការផ្លាស់ប្តូរអំពូលភ្លើងថ្មីនៅឡើយ ហើយពិនិត្យទៀតថា តើទីតាំងណាគួរតែត្រូវបំពាក់អំពូលភ្លើងបំភ្លឺ​ផ្លូវបន្ថែមទៀត ហើយកន្លែងណាខ្លះមានបង្គោលភ្លើងហើយតែដាច់អំពូល។

លោក ឃួង ស្រេង បា្រប់ឲ្យអាជ្ញាធរខណ្ឌទាំងអស់ ចូលរួមត្រួតពិនិត្យ រាយការណ៍ និងធ្វើការដោះស្រាយចំពោះទីតាំងណា ដែលមើលឃើញថាមិនទាន់មានភ្លើងបំភ្លឺ​ទីសាធារណៈ បានសមស្របនៅតាមមូលដ្ឋានរបស់ខ្លួន នៅឡើយ៕