(ភ្នំពេញ)៖ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយលើកទី២ បានចូលជាធរមាន ហើយចាប់តាំងពីម៉ោង០០ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ មកម៉្លេះដោយច្បាប់នេះត្រូវប្រកាសថា ជាការប្រញាប់។ យោងតាមមាត្រា៦ថ្មី (ពីរ) ត្រង់ចំណុចទី៦ គ្រប់គណបក្សនយោបាយមិនត្រូវ ប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោស ពីបទឧក្រិដ្ឋ ឬពីបទ​មជ្ឈិមដើម្បីជាផលប្រយោជន៍នយោបាយ សម្រាប់គណបក្សនយោបាយរបស់ខ្លួន។

ចំណុចនេះ ត្រូវអនុវត្តភ្លាមតាមអនុភាពនៃការប្រកាសជាការប្រញាប់នៃច្បាប់ មានន័យថារូបទណ្ឌិត សម រង្ស៊ី ត្រូវតែដកចេញពីស្លាកគណបក្សសង្គ្រោះជាតិ ឱ្យអស់នៅទូទាំងប្រទេសកម្ពុជានៅពេលច្បាប់នេះចូលជាធរមានភ្លាមៗ មិនអាចនៅបង្អង់បានឡើយ។ ប៉ុន្តែជាក់ស្តែងមួយសប្តាហ៍ក្រោយពីច្បាប់នេះ ចូលជាធរមានហើយ ស្លាកបក្សប្រឆាំងនៅតែទាញយកផលប្រយោជន៍ តាមរយៈការដាក់តាំងរូបទណ្ឌិត សម រង្ស៊ី នៅលើស្លាកគណបក្សដដែល ដែលនេះជាទង្វើខុសពីច្បាប់ស្តីពីគណបក្សនយោបាយ ហើយអាចប្រឈមមុខនឹងការប្តឹងរំលាយគណបក្សបាន ព្រោះខុសនឹងមាត្រា ៦ ថ្មី(ពីរ) នៃច្បាប់ស្តីពីគណបក្សនយោបាយ។

តាមប្រភពព័ត៌មានចេញពីបន្ទាយចាក់អង្រែ នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៧ នៅក្នុងកិច្ចប្រជុំគណៈកម្មការប្រតិបត្តិខេត្តរាជធានី នៃគណបក្សសង្គ្រោះជាតិ គឺបានលើកបញ្ហាជាច្រើនចំណុចក្នុងនោះ មានការ «តម្រូវឱ្យដករូបទណ្ឌិត សម រង្ស៊ី និងកឹម សុខា ចេញពីស្លាកគណបក្សក្នុងរយៈពេល ៩០ថ្ងៃឱ្យ ហើយគឺមុនច្បាប់ស្តីពីគណបក្សនយោបាយចូលជាធរមាន»។ បើបក្សប្រឆាំងនាំគ្នានិយាយដោយមិនទាំងមើលច្បាប់ដូច្នេះ តើនឹងមានរឿងអ្វីកើតឡើង?
តាមពិតមាត្រា ៤៨ ថ្មីស្ទួននៃច្បាប់ស្តីពីគណបក្សនយោបាយចែងថា៖ «ចំពោះគណបក្សនយោបាយណាដែលមានឈ្មោះ និងសញ្ញាសម្គាល់របស់ គណបក្សនយោបាយ ជាឈ្មោះ ឬជារូបរបស់រូបវ័ន្តបុគ្គលត្រូវធ្វើការផ្លាស់ប្តូរឈ្មោះ ឬសញ្ញាសម្គាល់ឱ្យស្របតាមបទប្បញត្តិនៃច្បាប់នេះក្នុងរយៈពេល ៩០ ថ្ងៃយ៉ាងយូរ គិតចាប់ពីថ្ងៃដែលច្បាប់នេះចូលជាធរមាន»។ គឺចង់សំដៅទៅលើឈ្មោះ ស្លាកសញ្ញាបក្ស តែសម្រាប់ករណីរូបទណ្ឌិត សម រង្ស៊ី គឺតម្រូវឱ្យដកចេញភ្លាមៗតាម អនុភាពនៃច្បាប់ដែលប្រកាសជាការប្រញាប់នេះ។

បើគណបក្សសង្គ្រោះជាតិ មិនគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយនេះទេ នោះគណបក្សនេះអាចនឹងត្រូវប្រឈមមុខទី -ផ្អាកសកម្មភាព គណបក្សរយៈពេល ៥ឆ្នាំ ឬទី២-រំលាយគណបក្សចោល។ មាត្រា៤៥ថ្មី (ស្ទួន) គណបក្សនយោបាយ ដែលត្រូវបានសម្រេចផ្អាកសកម្មភាព មិនត្រូវបានអនុញ្ញាត ឱ្យចូល រួមប្រកួតប្រជែងក្នុងការបោះឆ្នោតឡើយ។ ត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោត ក្នុងករណីគណបក្សនយោបាយនោះ ត្រូវបានសម្រេចផ្អាកសកម្មភាព ឬត្រូវសម្រេច រំលាយស្របតាមច្បាប់នេះ។

រយៈពេលមួយអាទិត្យចុងក្រោយនេះ គេកត់សម្គាល់ឃើញថា គណបក្សសង្គ្រោះជាតិនៅតែបន្តកេងចំណេញនយោបាយតាមរយៈការប្រើប្រាស់រូបថតទណ្ឌិត សម រង្ស៊ី ដាក់លើស្លាកគណបក្ស ហើយមិនបានដករូបថត សម រង្ស៊ី និងកឹម សុខា ចេញពីស្លាកគណបក្សរបស់ខ្លួនឡើយ។ ចំណែកឯទណ្ឌិតសម រង្ស៊ី វិញបានត្រឹមតែ លោតស្វាម្នាក់ឯងនៅក្រៅប្រទេស ក្តៅក្រហាយជេរគេជេរឯង។ ចៅចាក់ស្មុក គ្រាន់តែរំឭកថាបើជ្រុលតែនិយាយពីច្បាប់គួរតែចេះឱ្យច្បាស់ កុំយល់ច្រឡំថា ការដករូបទណ្ឌិត សម រង្ស៊ី ចេញអាចធ្វើឡើងក្នុងរយៈពេល ៩០ ថ្ងៃ តែត្រូវធ្វើភ្លាមៗ ព្រោះច្បាប់ហាមឃាត់មិនឱ្យទណ្ឌិតពាក់ព័ន្ធនឹងគណបក្សនយោបាយ។
កាលពីសមាជបក្ស អ្នកច្បាប់គណបក្សសង្គ្រោះជាតិ មើលមិនយល់ពីលក្ខន្តិកៈបក្សខ្លួនឯង រហូតដល់លុតជង្គង់អង្វរក្រសួងមហាផ្ទៃឱ្យជួយប្រាប់ថាតើខុសអ្វីខ្លះ? ហើយម៉េចៗ ឥឡូវនេះកុំឱ្យគេប្តឹងទាន់រឿងបន្តកេងចំណេញនយោបាយពីការប្រើប្រាស់រូបទណ្ឌិតសម រង្ស៊ី បើពុំនោះទេ បក្សសង្គ្រោះជាតិនេះអាចនឹងត្រូវ រំលាយចោលទទេៗបាន ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយថ្មី!

ដោយ៖ ចៅចាក់ស្មុក