(ភ្នំពេញ)៖ ករណីឃាតកម្មមួយដែលបានសម្លាប់ស្រ្តីម្នាក់នៅក្នុងផ្ទះសំណាក់ «មុនីកា» កាលពីយប់ថ្ងៃទី០២​ ខែសីហា ឆ្នាំ២០១៧កន្លងទៅថ្មីៗ នៅព្រឹកថ្ងៃសៅរ៍នេះជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនបានហើយ នៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

មន្រ្តីអាវុធហត្ថបានបញ្ជាក់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នេះជាអំពើឃាតកម្ម ហើយយុវជនដែលជាជនសង្ស័យ គឺជាសង្សាររបស់ស្រ្តីរងគ្រោះ បានសម្លាប់យកម៉ូតូនៅក្នុងផ្ទះសំណាក់ កាលពីយប់ថ្ងៃទី២ ខែសីហាកន្លងទៅ។

សូម​ជំរាបថា នាយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ គេបានប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែងឈ្មោះ «មុនីកា» ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៤៦០ ក្នុងសង្កាត់ទួលទំពូងទី១ ដែលករណីស្លាប់នេះត្រូវបានគេសង្ស័យថា ជាអំពើឃាតកម្ម ។

មន្ត្រីអាវុធហត្ថមួយរូបដែលបានចុះមកពិនិត្យនៅកន្លែងកើតហេតុខាងលើ លួចបង្ហើបប្រាប់អ្នកសារព័ត៌មានថា ស្ត្រីដែលស្លាប់រូបនោះ គឺប្រហែលដោយសារអំពើឃាតកម្ម។ តែទោះជាយ៉ាងណា អត្តសញ្ញាណរបស់ស្ត្រីរងគ្រោះខាងលើរូបនេះ មិនត្រូវបានសមត្ថកិច្ចប្រាប់អោយដឹងនៅឡើយនោះទេ៕