(ភ្នំពេញ)៖ ទន្ទឹមនឹងការត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ីនាពេលដ៏ខ្លីខាងមុខ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបង្ហាញពីប្រាក់រង្វាន់សរុប សម្រាប់លើកទឹកចិត្តអត្តពលិកម្នាក់ៗ ដែលដណ្ដើមបានជ័យលាភីក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ឆ្នាំនេះ ដោយមេដាយមាសទទួលបាន ២៤,០០០ដុល្លារ, មេដាយប្រាក់ ១៣,៥០០ដុល្លារ និងមេដាយសំរឹទ្ធ ៧,០០០ដុល្លារ ។

ការថ្លែងឲ្យដឹងដូច្នេះ បានធ្វើឡើងក្នុងពិធីជួបជុំពិសារអាហារសាមគ្គី អមអរដំណើរឆ្ពោះទៅប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅយប់ថ្ងៃទី០៤ ខែសីហានេះ នៅសណ្ឋាគារសូហ្វីតែល។ លោកបញ្ជាក់ថា ថវិកាខាងលើ គឺជាប្រាក់រង្វាន់សរុប ដែលទទួលបានពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្រុមហ៊ុនដៃគូរបស់ NOCC ពិសេសគឺថវិកាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់លើវិស័យកីឡា ហើយថែមទាំងចំណាយថវិកាផ្ទាល់ របស់សម្ដេច ដើម្បីលើកទឹកចិត្តអ្នកដណ្ដើមបានមេដាយទៀតផង។

យ៉ាងណាមិញការដណ្ដើមបាននូវជ័យលាភីមេដាយជាក្រុម នឹងទទួលបានប្រាក់រង្វាន់ផ្សេង ពីការដណ្ដើមបានមេដាយលើវិញ្ញាសាឯកត្តជនតាមការកំណត់ របស់ក្រុមហ៊ុនឧបត្ថម្ភនានា ។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺក្រុមបាល់ទាត់ជម្រើសជាតិ U22 ឆ្នាំកម្ពុជា ដែលនឹងត្រូវទទួលបានថវិកា ២,០០០ដុល្លារភ្លាមៗ សម្រាប់ជ័យជម្នះក្នុងមួយប្រកួត តែបើឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងទទួលបានប្រាក់រង្វាន់ ៥,០០០ដុល្លារឯណោះ ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន ។

គួរបញ្ជាក់ថា ស៊ីហ្គេមឆ្នាំនេះ កម្ពុជាបានសម្រេចបញ្ជូនប្រតិភូ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡការិនីសរុប ២៧៤នាក់ទៅចូលរួមលើ ២៤ប្រភេទកីឡា រួមមានក្រុមកីឡាបាល់ទាត់ជម្រើសជាតិ U22ឆ្នាំកម្ពុជា, បាល់អោប, បាល់ទះ, បាល់បោះ, វាយកូនឃ្លីលើតុ, វាយកូនបាល់, វាយកូនហ្គោល, វាយសី, ប្រដាល់គុនខ្មែរ, ប្រដាល់សាកល, ទូកក្ដោង, ស្គីទឹកកក, កាយសម្ព័ន្, ហែលទឹក, ប្រណាំងកង់, គុនដាវ, ទ្រីយ៉ាងត្លុង, ការ៉ាតេដូ, ឈីនឡូន, ប៉េតង់, តេក្វាន់ដូ WTF, ជិះសេះ, វូស៊ូ និងកីឡាអត្តពលកម្ម ខណៈការប្រកួតផ្លូវការ នឹងធ្វើឡើងពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងកូឡាឡាំពួរ ៕