(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ប្រគល់រង្វាន់លើកទឹកចិត្ត ជូនដល់អង្គភាពដែល មានស្នាដៃចូលរួមបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងអំឡុងពេលអនុវត្តន៍ផែនការ ប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់លើកទី១ រយៈពេល៦ខែ គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការយុទ្ធនាការលើកទី២ និងផែនការសកម្មភាពសម្រាប់អនុវត្តរយៈពេល៦ខែ គិតពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។

ក្នុងឱកាសនេះដែរ ​នាយឧត្តមសេនីយ៍ នេត សាវឿន បានប្រគល់គ្រឿងឥស្សរយសរបស់រាជរដ្ឋាភិបាល និងប័ណ្ឌសរសើរ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានស្នាដៃក្នុងយុទ្ធនាការលើកទី១ និងបានប្រគល់រង្វាន់លើកទឹកចិត្ត ជូនអង្គភាពមានស្នាដៃចំនួន ៣៣អង្គភាព (ក្នុងនោះមានបុគ្គលត្រូវទទួលបានថវិការង្វាន់ចំនួន ៩៣៣នាក់)។

សកម្មភាពផ្សព្វផ្សាយ ត្រូវបានអនុវត្តនៅតាមគ្រឹះស្ថានអប់រំ រោងចក្រ-សហគ្រាស វេទិកាសាធារណៈ កម្មវិធីសាសនា វេទិកាតុមូលចាក់ផ្សាយតាមវិទ្យុ ផ្សព្វផ្សាយតាមមេក្រូ នៅទីសាធារណៈ ចុះចែកខិត្តប័ណ្ណ រួមទាំងធ្វើការផ្សព្វផ្សាយ ក្នុងជួរកងកម្លាំង-មន្ត្រីរាជការ និង​ធ្វើការងារអប់ក្មេងទំនើង និងជនងាយរងគ្រោះផងដែរ។

​នាយឧត្តមសេនីយ៍ ​បានបន្ថែមថា បន្ទាប់ពីទទួលបានប្រាក់រង្វាន់ ហើយត្រូវជម្រុញ និងលើកទឹកចិត្តដល់កម្លាំងជំនាញទាំងអស់ត្រូវបន្ត និងប្រឹងប្រែងបង្ក្រាបគ្រឿងញៀនទៀត។

បន្ថែមពីនេះ អគ្គស្នងការនគរបាលជាតិ ស្នើសុំដល់គ្រប់ស្នងការ និងមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវយករង្វាន់ទាំងអស់ យកទៅបែងចែកដល់បងប្អូនកងកម្លាំង ដែលខិតខំប្រឹងប្រែងក្នុងការបង្ក្រាបគ្រឿងញៀន​៕​