(ភ្នំពេញ)៖ នៅមុននេះបន្ដិចលោក អ៊ូ រតនា អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានថ្លែងប្រាប់ឲ្យដឹងថា ថ្ងៃទី០៣ ខែសីហានេះក្រុមអត្តពលិកកម្ពុជា បានដណ្ដើមបានមេដាយ ៦គ្រឿងបន្ថែមទៀតហើយ នៅក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក លើកទី៥ នៅទីក្រុងញូដេលី ប្រទេសឥណ្ឌា ខណៈការប្រកួតសល់មួយថ្ងៃទៀត ទើបបញ្ចប់ទាំងស្រុង ។

ប្រធានប្រតិភូខាងលើ បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា មេដាយទាំង៦គ្រឿង ដែលទើបដណ្ដើមបានបន្ថែមលើមេដាយឈ្នះ​កាលពីម្សិលមិញ គឺមានមេដាយមាស១គ្រឿង ដណ្ដើមបានលើវិញ្ញាសាសម្ដែងជាក្រុមនារីម្នាក់ និងបុរស ៣នាក់ប្រើអាវុធ រួមទាំងមេដាយ​ប្រាក់២ និងមេដាយសំរឹទ្ធ៣។ សរុបមកពេលនេះក្រុមកីឡាវ៉ូវីណាមកម្ពុជាដណ្ដើមបានមេដាយ១៧គ្រឿងហើយ រួមមានមេដាយមាស៣ មេដាយប្រាក់ ៧ និងមេដាយសំរឹទ្ធ ៧ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក លើកទី៥ ដែលឥណ្ឌាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះឆ្នាំនេះ គឺធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៥ ខែសីហានេះ នៅទីក្រុងញូដេលី ដោយមាន ២២ប្រទេសចូលរួម។ យ៉ាងណាមមិញកម្ពុជា នៅមាន ៤វិញ្ញាសាទៀត ដែលត្រូវប្រកួតនាថ្ងៃទី០៥ ខែសីហាស្អែក ដើម្បីដណ្ដើមយកមេដាយជូនជាតិបន្ថែម៕