(ស្វាយរៀង)៖ ស្ដ្រីវ័យក្មេងអាយុ១៨ឆ្នាំម្នាក់ ជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូ «Good Luck»​ ដែលគ្រួសារកំពុងស្វែងរក ដោយអះអាងថា ​បាត់ខ្លួននៅពេលជិះឡានតាក់ស៊ីពីភ្នំពេញ ទៅក្រុងបាវិត កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នោះ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ សមត្ថកិច្ចប្រទះឃើញសាកសព​ត្រូវបានគេរំលោភសម្លាប់។

លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា​ នារីរងគ្រោះដែលត្រូវរំលោភសម្លាប់នេះ ​ឈ្មោះ សុខ ម៉ាលីន អាយុ១៨​ឆ្នាំ បុគ្គលិកកាស៊ីណូ Good Luck ក្នុងក្រុងបាវិត មានទីលំនៅនៅខេត្តព្រះវិហារ ហើយប្រទះឃើញសព នៅកណ្ដាលវាលស្រែង​ ក្នុងភូមិតាពៅ សង្កាត់បាទី ក្រុងបាវិត។

បើតាមលោកឧត្តមសេនីយ៍ស្នងការ នារីជនរងគ្រោះត្រូវបានក្រុមគ្រួសារមកប្ដឹងថា បានបាត់ខ្លួននៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ដោយមុនពេលកើតហេតុ ស្ដ្រីរងគ្រោះបានទៅលេងឪពុកម្ដាយនៅស្រុកកំណើតឯខេត្តព្រះវិហារ ហើយបានត្រឡប់មកវិញឈប់​នៅបេនឡានផ្សារអូឡាំពិក រាជធានីភ្នំពេញ រួចឡើងឡានបន្ដមកក្រុងបាវិត ដែលជាទីកន្លែងធ្វើការ។

លោកស្នងការ បានបញ្ជាក់ថា បើតាមការសាកសួរពីក្រុមគ្រួសារនារីរងគ្រោះ នៅពេលនាងជិះរថយន្ដតាមផ្លូវគ្រួសារបានតេសួរថា ជិះឡានមកដល់ណាហើយ ពេលនោះនារីរងគ្រោះថា មកដល់ម្ដុំផ្សារជីភូ ក្រុងបាវិត ស្រាប់តែពេលនោះក៏បាត់ដំណឹងតែម្ដង។ ក្រោយបាត់ដំណឹងភ្លាមក្រុមគ្រួសារបានមកដាក់ពាក្យបណ្ដឹង ដើម្បីឲ្យនគរបាលជួយអន្ដរាគមន៍តាមរក។

យ៉ាងណាមិញ លោកឧត្តមសេនីយ៍ទោ កឹង ឃន បន្ថែមថា ជុំវិញករណីរំលោភសម្លាប់នេះ កម្លាំងនគរបាលជំនាញរបស់លោក កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីរកឃាតកមកផ្ដន្ទទោសឲ្យខាងតែបាន។

ជាមួយគ្នានោះ លោកស្នងការ ស្ថានភាពគ្រួសាររបស់ស្ដ្រីរងគ្រោះមានសភាពក្រលំបាកខ្លាំងណាស់ សូម្បីតែលុយដឹកសាកសពទៅ​ធ្វើបុណ្យ​នៅស្រុកកំណើត ខេត្តព្រះវិហារក៏គ្មានផង ប៉ុន្ដែលោកបានឲ្យឡានសង្គ្រោះបន្ទាន់របស់ស្នងការដ្ឋាននគរបាលខេត្ត ដឹកសពយកទៅស្រុក​កំណើត​ផងដែរ៕