(ត្បូងឃ្មុំ)៖ ថ្ងៃទី៤ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួម​សាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មាន​បងប្អូនប្រជាពលរដ្ឋជាង២០០នាក់ ចូលរួមបរិច្ចាគនៅផ្សារពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បន្ទាប់ពីម្សិលមិញ (ថ្ងៃទី​៣) មានប្រជាពលរដ្ឋជាង២០០នាក់ បានចូលរួមបរិច្ចាគ។

សម្រាប់យុទ្ធនាការថ្ងៃទី៤នេះ ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ជាក់នៅលើទំព័រ Facebook ថា លោក​ត្រូវបានអាជ្ញាធររារាំងផងដែរ នៅពេលទៅរៃអង្គាស នៅផ្សារចុងជៀល ដោយមេឃុំបានចោទថា អាចជាការបោកប្រាស់ដូចអ្នក​មុនៗ ហេតុដូច្នេះហើយ បានជាលោកនឹងក្រុមការងារ នៅរៃអង្គាសនៅផ្សារ ពញាក្រែកវិញ។ លោកបានសរសេរយ៉ាងដូច្នេះថា «មេឃុំចុងជៀច បានរារាំងក្រុមខ្ញុំបាទ មិនឲ្យរៃអង្គាសថវិកាក្នុងផ្សារចុងជៀច ដោយគាត់សួររកច្បាប់រៃអង្គាស ហើយខ្ញុំក៏សួររកច្បាប់ ក្នុងមាត្រាណាមួយដែលត្រូវឲ្យខ្ញុំទៅសុំ ខណៈនោះគាត់គ្មានចម្លើយឲ្យខ្ញុំនោះទេ ម្យ៉ាងវិញទៀតគាត់ បានប្រើពាក្យមានលក្ខណៈចោទប្រកាន់ខ្ញុំថា ការរៃអង្គាសនេះ អាចបោកប្រាស់ដូចពួកមុន»។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នេះជារឿងសប្បុរសធម៌ យុទ្ធនាការថ្ងៃទី៤ ការចូលរួមរបស់បងប្អូនគឺជាការបង្ហាញនូវទឹកចិត្ត គោរព ស្រលាញ់ លោកបណ្ឌិតកែម ឡី ដែលជាបណ្ឌិតដ៏កម្ររកបាននៅក្នុងប្រទេសកម្ពុជាយើង។ បើទោះបីយុទ្ធនាការ រៃអង្គាសថវិកានេះត្រូវទទួលជួបនូវ ឧបសគ្គអ្វីក៏ដោយ ក៏លោករួមជាមួយ ក្រុមការងារ មិនរាថយឡើយ ពោលគឺលោកនឹងសម្រេចការងារនេះឲ្យខាងតែបាន ដើម្បីកុំឲ្យអ្នកនយោបាយខ្លះ និងមនុស្សមួយចំនួ​ន ដែលចោទថា​ជារឿងនយោបាយ​ មើលស្រាលនោះទេ។​

លោក ពេជ្រ ស្រស់ បានឲ្យដឹងថា យុទ្ធនាការរៃអង្គាសថវិកានេះ គឺចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា ការរៃអង្គាសថវិកានេះ គឺលោកផ្តើមចេញពីក្រុមការងារបក្ស និងអ្នកគាំទ្រ រហូតដល់បងប្អូនពលរដ្ឋធម្មតា ហើយយុទ្ធនាការ រៃអង្គាសថវិកា ដើម្បីចូលរួមសាងសង់ចេតិយ ជូនលោកបណ្ឌិត កែម ឡី នាពេលនេះមិនពាក់ព័ន្ធរឿងនយោបាយនោះឡើយ ដោយសប្បុរសជននានាអាចចូលរួមបាន ដោយមិនប្រកាន់និន្នាការ។ ប្រធានគណបក្សយុវជនកម្ពុជា ក៏បានអំពាវនាវផងដែរ ឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រ និងចូលរួមជាថវិកា ដើម្បីសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ឲ្យបានគ្រប់ៗគ្នា៕