(ត្បូងឃ្មុំ)៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ បានធ្វើការចុះបង្ក្រាប រថយន្ត LEXUS RX300 ដឹកឈើក្រញូងខុសច្បាប់១គ្រឿង ដកហូតបានឈើក្រញូងចំនួន១៣១ដុំ ស្មើនឹង៥០៧គីឡូក្រាម ។

ការចុះប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅត្រង់ចំនុចភូមិជីមាន់លិច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ រីឯអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ​រថយន្តខាងលើនេះ ម៉ាក LEXUS RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-0752 បានដឹកជញ្ជូនឈើក្រញូង ដោយគ្មានលិខិតអនុញ្ញាត
ត្រឹមត្រូវ។ ដកហូតបានឈើក្រញូងចំនួន១៣១ដុំ ស្មើនឹង៥០៧គីឡូក្រាម នៅក្នុងរថយន្ត។

បច្ចុប្បន្ន វត្ថុតាងឈើ និងរថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនីតិវិធី៕