(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា សម្តេចត្រូវហាត់ប្រាណដោយជិះកង់ និងដើរលើម៉ាស៊ីនជារៀងរាល់ល្ងាច ដោយការហាត់ប្រាណនេះ ត្រូវចំណាយពេលដើរ៣០នាទី ចម្ងាយជាង២គីឡូម៉ែត្រ និងជិះកង់១ម៉ោងចម្ងាយជិត២០គីឡូម៉ែត្រ ដើម្បីឲ្យបែកញើស។ នេះបើតាមខ្លឹមសារដែលសម្តេចបានបង្ហោះនៅលើ Facebook Page នៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ការប្តូរពីការហាត់វាយកូនគោល មកជាការហាត់ប្រាណជិះកង់ និងដើរលើម៉ាស៊ីន គឺដោយសារតែនេះជារដូវភ្លៀង»

សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «រៀងរាល់ពេលល្ងាច ខ្ញុំត្រូវហាត់ប្រាណដោយជិះកង់ និងដើរលើម៉ាស៊ីន។ ដើររយៈពេល៣០នាទី ចម្ងាយជាង២គីឡូម៉ែត្រ និងជិះកង់១ម៉ោង ចម្ងាយជិត២០គីឡូម៉ែត្រ ធ្វើឲ្យបែកញើសជំនួសឲ្យការ មិនបានវាយកូនគោលដែលពិបាកលេងក្នុងរដូវភ្លៀង។ សូមហាត់ប្រាណដើម្បីសុខភាព»

ជាការកត់សំគាល់ រៀងរាល់ចុងសប្តាហ៍ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចំណាយពេលវេលា ហាត់ប្រាណដោយការវាយកូនគោល ដើម្បីបែកញើស និងទទួលបានសុខភាពល្អ៕