(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការសំណេះសំណាលជាមួយប្រតិភូ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងអត្តពលិកត្រៀមស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី៣ ខែសីហានៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានប្រកាសឧបត្ថម្ភថវិកាដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ក្នុងម្នាក់ៗ ចំនួន ៥០០ដុល្លារ មុននឹងពួកគេចេញដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ានខាងលើ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងឱកាសនោះថា ការឧបត្ថម្ភថវិកាលើកទឹកចិត្តនេះ តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ មុនអត្តពលិកជម្រើសជាតិ ចេញទៅប្រកួតកីឡាស៊ីហ្គេម ប៉ុន្ដែការឧបត្ថម្ភឆ្នាំនេះ គឺកើនឡើងជាងរាល់ដង ដោយអត្តពលិកចេញទៅប្រកួតកីឡាស៊ីហ្គេមពីមុនទទួលបានការឧបត្ថម្ភត្រឹមតែ ៣០០ដុល្លារក្នុងម្នាក់ៗប៉ុណ្ណោះ។ ហើយការដំឡើងប្រាក់ឧបត្ថម្ភនេះទៀតសោត សម្ដេចបានបញ្ជាក់ថា ក៏ដោយសារកំណើននៃសេដ្ឋកិច្ចប្រទេសកម្ពុជាទៀតផង។

គួរបញ្ជាក់ថា ប្រតិភូ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដែលក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រៀមបញ្ជូន ទៅប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ គឺមានចំនួនសរុប ២៧៤រូប។ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន អាចនឹងត្រូវចំណាយថវិកាប្រមាណ ១៣៧,០០០ដុល្លារ ប្រសិនបើគ្មានការប្រែប្រួលតួរលេខប្រតិភូ គ្រូបង្វឹក និងអត្តពលិក ដែលត្រៀមចេញទៅប្រកួតពេលនេះទេនោះ៕