(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើដល់ក្រសួងមហាផ្ទៃ ពិសេសអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដែលជាស្ថាប័នមានសមត្ថកិច្ច ត្រូវពន្លឿងការធ្វើ និងផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋខ្មែរឲ្យបានគ្រប់គ្នា ដើម្បីយកទៅបញ្ជាក់នៅពេល ចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅឆ្នាំ២០១៨ ខាងមុខ។

លោកប្រធាន គ.ជ.ប អំពាវនាវបែបនេះ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់អំពីសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ជាមួយតំណាងគណបក្សនយោបាយនៅកម្ពុជា អង្គការសង្គមស៊ីវិល ដៃគូជាតិ-អន្តរជាតិនានា ស្ថាប័នមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធមួយចំនួនទៀត នៅភោជនីយដ្ឋានទន្លេបាសាក់២ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧។

លោក ស៊ិក ប៊ុកហុក ថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមស្នើទៅក្រសួងមហាផ្ទៃ ជាពិសេសអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលជាអង្គភាពមានសមត្ថកិច្ច ក្នុងការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដែលជាឯកសារចម្បងតែមួយគត់ សម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោតនោះ ពន្លឿនដល់ការចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា»

បើតាម គ.ជ.ប ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរចាំបាច់ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ បម្រើឲ្យការចុះឈ្មោះឆ្នោត។

លោក ឃៀង សុគន្ធា ប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ក្នុងផែនការចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅឆ្នាំ២០១៧នេះ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រមាណជាង ៩លានប័ណ្ណ ត្រូវបានចែកជូនដល់ដៃប្រជាពលរដ្ឋខ្មែរជាង៩លាននាក់រួចរាល់ហើយ ពោលនៅសល់មិនដល់ ១លាននាក់ឡើយ ហើយអ្នកមិនទាន់ទទួលបាន នាយកដ្ឋាននឹងបន្តចែកជូនឲ្យបានគ្រប់គ្នាមុនដាច់ឆ្នាំ២០១៧នេះ។

សូមបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។

ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ថ្មីនេះ គឺដើម្បីបំពេញបន្ថែមទៅលើបញ្ជីឈ្មោះបោះឆ្នោតចាស់ ឆ្នាំ២០១៦។ កាលពីឆ្នាំ២០១៦ ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតមានប្រមាណ ៩.៦លាននាក់ ប៉ុន្តែប្រជាពលរដ្ឋដែលទៅចុះឈ្មោះបោះឆ្នោតមានតែប្រមាណ ៧.៨លាននាក់ប៉ុណ្ណោះ ស្មើនឹង ៨១.៣៨ភាគរយ៕