(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ បានបង្ហាញផលប៉ះពាល់ដោយសារជំនន់ ទន្លេមេគង្គ ដែលបានវាយប្រហារ នៅស្រុកចំនួន៦(ស្រុកព្រៃឈរ ស្រុកស្រីសន្ធរ ស្រុកកំពង់សៀម ស្រុកស្ទឹងត្រង់ ស្រុកកងមាស និងស្រុកកោះសូទិន) បណ្ដាលឲ្យលិចសាលារៀន លិចស្រូវ លិចដំណាំរួមផ្សំ លិចផ្លូវ ការបាក់ច្រាំងទន្លេ បានរុះរើផ្ទះ និងប្រជាជនខ្លះត្រូវ ជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។

នេះបើយោងតាមរបាយការណ៍សរុប របស់អភិបាលខេត្តកំពង់ចាម ផ្ញើជូនលោក ញឹម វណ្ណដា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មការប្រតិបតិ្ដ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដោយគិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០​១៧។

យោងតាមរបាយការណ៍ខាងលើនេះ បានបង្ហាញថា គ្រោះធម្មជាតិមួយនេះបណ្ដាលឲ្យមនុស្ស១០នាក់ លង់ទឹកស្លាប់ក្នុងនោះកុមារ ៤នាក់ ប្រជាពលរដ្ឋ៣៤គ្រួសារ នៅឃុំមៀន ស្រុកព្រៃឈរ ត្រូវជម្លៀសជាបណ្ដោះអាសន្នទៅកាន់ទីទួលមានសុវត្ថិភាពសាលារៀន ៧កន្លែង ក្នុងស្រុកស្ទឹងត្រង់ ស្រុកកំពង់សៀម និងស្រុកកោះសូទិន ត្រូវលិចលង់, ស្រូវ៨៥ហិចតា នៅស្រុកស្ទឹងត្រង់ ត្រូវលិចលង់, ដំណាំរួមផ្សំ២៦៤ហិចតា នៅស្រុកកោះសូទិន និងស្រុកកំពង់សៀម ត្រូវលិចលង់, ផ្លូវជិត១០គីឡូម៉ែត្រ នៅស្រុកកោះសូទិន និងស្រុក ស្ទឹងត្រង់ ត្រូវជន់លិច, ច្រាំងទន្លេបានបាក់ក្នុងឃុំចំនួន១១ នៃស្រុកចំនួន៥ ព្រមទាំងផ្ទះប្រជាពលរដ្ឋចំនួន១១ខ្នង ប្រឈមនឹងការរុះរើ។

សម្រាប់កិច្ចអន្ដរាគមន៍ និងសង្គ្រោះទៅលើគ្រោះធម្មជាតិមួយនេះ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធបានជួយរុះរើផ្ទះ ប្រជាពលរដ្ឋ ដែលរង់ផលប៉ះពាល់ដោយការបាក់ច្រាំងទន្លេ នៅស្រុកស្រីសន្ធរ កំពង់សៀម ស្ទឹងត្រង់ កងមាស និងកោះសូទិន។

ជាមួយគ្នានេះអាជ្ញាក៏ជួយសង់ជម្រកបណ្ដោះអាសន្ន និងដឹកជញ្ជូនសម្ភារៈរបស់ប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាពផងដែរ៕