(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី និងលោកស្រី គឹង ស្រីវ៉ាត់ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញកាត់ខ្សែបូ ឆ្លងក្លោងទ្វារវត្តឧត្តមរតនារាម ហៅវត្តអូរចេង ស្ថិតក្នុងឃុំអូរចេង ស្រុកកូនមុំ ខេត្តរតនគិរី។

យោងតាមគណកម្មាការសាងសង់ បានឲ្យដឹងថា ក្លោងទ្វារវត្តរតនារាមនេះ ផ្តួចផ្តើមដោយព្រះចៅអធិការវត្ត ព្រះនាមសិរី វិសុទ្ធិត្ថេរ ជីន ជ្រិន, ឧត្តមសេនីយ៍ត្រី គឹម រស្មី និងលោកស្រី គឹង ស្រីវ៉ាត់ ចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៥ ត្រូវនិងថ្ងៃ១កើត ខែផល្គុន ឆ្នាំមមីនព្វស័ក ពស​ ២៥៥៨ គ-ស ២០១៥ មានកំពស់១៧.៥ម៉ែត្រ និងទទឹង១២ម៉ែត្រ ចំណាយថវិកាអស់២៩,៩១៨ដុល្លារ។

មានមតិសំណេះសំណាលក្នុងពិធីនោះ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានលើកឡើងពីការ រួមចំណែក របស់មន្ត្រីអាវុធហត្ថ ក្រោមឱវាទ ដែលមានសទ្ធារជ្រះថ្លា ព្រមទាំងក្រុមអាជីវករក្នុងខេត្ត ចូលរួមចាប់មគ្គផលរៀងៗខ្លួន ទើបសមិទ្ធិផលនេះសាងសង់រួចជាស្ថាពរ។

លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានបន្តថា វិស័យពុទ្ធចក្រ និងអាណាចក្រ គឺដើរទន្ទឹមគ្នារីឯការសាងសង់សមិទ្ធផល ក្នុងវត្តអូរចេងទាំងមូល គឺរយៈពេលតែ៧ឆ្នាំប៉ុណ្ណោះ សឹងរួចរាល់ជាស្ថាពរដូចជាព្រះវិហារ, សាលាឆាន់ជាដើម បើប្រៀបធៀបទៅនឹងទីអារាមខ្លះ ចំណាយពេល៣០ឆ្នាំបានរួចរាល់។

មេបញ្ជាការអាវុធហត្ថខេត្តរូបនោះ បានបន្ថែមទៀតថា សមិទ្ធផលនៅសេសសល់ បន្តិចបន្តួចរូបលោកនិងមន្ត្រីអាវុធហត្ថក្រោមឱវាទ និងគៀងគរបច្ច័យសាងសង់បន្ត ឲ្យរួចរាល់ក្នុងឆ្នាំនេះ ធានាគុណភាពប្រើប្រាស់យូរអង្វែង ដើម្បីទុកជាកេរ្តិ៍មរតកសម្រាប់កូនចៅជំនាន់ក្រោយ។ ជាមួយគ្នានោះ មេបញ្ជាការអាវុធហត្ថខេត្ត ក៏បានចែកជូនសម្ភារៈ ថវិកាមួយចំនួនដល់លោកយាយ, លោកតា, សីលវតី(ស្នាក់នៅរៀនសូត្រ)ផងដែរ៕