(ភ្នំពេញ)​៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​សីហា​ ខាងមុខ​នេះ​ សាលាឧទ្ធរណ៍​ នឹង​បើក​សវនាការ​រឿង​ក្ដី​លោក​ស្រី​ ថាក់​ ឡានី​ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម​ រង្ស៊ី​ ពាក់ព័ន្ធ​ការ​បរិហារកេរ្តិ៍​ចោទប្រកាន់​សម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថា​ ជា​អ្នក​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​។

លោក​ ទូច​ ថារិទ្ធិ​ អគ្គ​លេខា​ធិការ​រង ​និង​ជា​អ្នក​នាំពាក្យ​សាលាឧទ្ធរណ៍​ ថ្លែង​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ Fresh News ថា​ សវនាការនេះ​ដឹកនាំ​ដោយ​លោក​ ប្លង់​ សំណាង​ អនុប្រធាន​សាលាឧទ្ធរណ៍​ វេលា​ម៉ោង​៨ព្រឹក​ ថ្ងៃ​ទី​១០​ ខែ​សីហា​។

គួរ​រំលឹក​ថា​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​លោក​ស្រី​ ថាក់​ ឡានី​ ដាក់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ ​និង​ពិន័យ​៨លាន​រៀល​ ព្រម​ទាំង​សងសំណង​ជំងឺ​ចិត្ត​ដល់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ចំនួន​១០០រៀល​។

លោក​ចៅក្រម​ អ៊ី​ ថាវរៈ​ ក៏​បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន ​និង​ឃុំ​ខ្លួន​លោក​ស្រី​ ថាក់​ ឡានី​ ផង​ដែរ​។​ លោក​ស្រី​ ថាក់​ ឡានី​ ជាប់​ចោទ​ពី​បទ បរិហារកេរ្តិ៍​ជា​សាធារណៈ​ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាព​វឹកវរ​ធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ប្រព្រឹត្តនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ តាមមាត្រា៣០៥ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

នៅ​ក្នុង​វេទិកា​សាធារណៈ​នៅ​ខេត្ត​រតនគិរី​ អ្នកស្រី​ ថាក់​ ឡានី​ បាន​ចោទប្រកាន់​សម្តេច​តេជោ​ ថា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​។​

ដើម្បី​ស្វែងរក​ភាព​យុត្តិធម៌​ និង​ភាព​ស្អាតស្អំ​ក្នុង​នាម​ជា​មេ​ដឹកនាំ​កំពូល ​នៃ​ប្រទេស​ សម្តេច​តេជោ​ ហ៊ុន សែន តាម​រយៈ​លោក​មេធាវី​ គី​ តិច​ បាន​ដាក់​ពាក្យ​បណ្ដឹង​ប្តឹង​អ្នកស្រី​ ថាក់​ ឡានី​ ដោយ​សំណូមពរ​ឲ្យ​តុលាការ​ចាត់​ការ​តាម​ច្បាប់​ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ត្រឹម​១០០រៀល​ ប៉ុណ្ណោះ​។

តែយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ លោកស្រី ថាក់ ឡានី ​បានរត់គេចខ្លួនទៅក្រៅប្រទេសបាត់ហើយ៕