(ភ្នំពេញ)​៖ ​បេក្ខជន​ និង​បេក្ខនារី​ ១៦រូប​ បាន​ស្បថ​សច្ចា​ប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ ជាមួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​គោរព​ តាម​ក្រម​សីលធម៌​វិជ្ជាជីវៈ​មេធាវី​ និង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មេធាវី​ ព្រម​ទាំង​ច្បាប់​ទាំង​ឡាយ ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ។

ពិធី​ស្បថ​នេះ​ត្រូវបាន​ធ្វើ​ឡើង​ នៅ​ព្រឹក​ថ្ងៃទី​២​ ខែ​សីហា​ ឆ្នាំ២០១៧នេះ ក្រោម​វត្តមាន​លោក​ សួន​ វិសាល​ ជា​ប្រធាន​ លោក​ ចាយ​ ច័ន្ទ​តារា​វណ្ណ​ លោក​ស្រី​ ទិត​ សុទ្ធី​បូរ៉ា​លក្ខណ៍​ ជា​សមាជិក​ និង​លោក​ ហ៊ាន​ រិទ្ធ​ ជា​តំណាង​មហា​អយ្យការ​។

លោក​ កៃ​ វិសាល​ មេធាវី​តំណាង​ប្រធាន​គណៈមេធាវី​ បានបញ្ជាក់​ថា​ មេធាវី​១៦រូប​ ត្រូវ​បាន​ស្បថ​សច្ចា​ប្រណិធាន​ ដើម្បី​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​។

លោក​មេធាវី​ កៃ​ វិសាល​ បាន​ផ្តាំ​ផ្ញើដល់​មេធាវី​ទាំង​១៦រូប​ ទើប​ស្បថ​នេះ​​ឲ្យ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ដោយ​ជោគជ័យ​ ដាស់តឿន​មេត្តា​ពិនិត្យ​អនុវត្ត​ច្បាប់​ ក្រម​សីលធម៌​វិជ្ជាជីវៈ​មេធាវី​និង​លក្ខន្តិកៈ​មេធាវី​ និង​ច្បាប់​ទាំងឡាយ​។​

មេធាវី​ទើប​ស្បថ​ទាំងអស់​ បាន​សច្ចា​ប្រណិធាន​ថា​ ស្មោះ​ត្រង់​ចំពោះ​វិជ្ជាជីវៈ​ ភារកិច្ច​ជា​មេធាវី​។​ សូម​ប្តេជ្ញា​ជា​ឱឡារិក​ថា​ «ក្នុង​នាម​ជា​មេធាវី​ សូមគោរព​ឲ្យ​ល្អ​បំផុត​ អនុវត្ត​តាម​ច្បាប់​ និង​មិន​លុះ​ដោយ​អគតិ​ទាំង​៤​។​ ប្រសិន​បើ​បំពាន​ពាក្យ​ប្តេជ្ញា​នេះ​ សូម​ទទួល​រង​នូវ​បាប​កម្ម​រង​ទុក្ខ​វេទនា​។​ ប៉ុន្តែ​បើ​ប្រព្រឹត្ត​បាន​ល្អ​ត្រឹមត្រូវ​ នឹង​មាន​លុះ​ដោយ​អគតិ​ទាំង​៤ទេ​ មាន​សេចក្ដី​សុខ​ចម្រើន​»។​

សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ នៅកម្ពុជាមានមេធាវី​ទាំង​អស់​ចំនួន​១៣៨២រូប​ ក្នុង​នោះ​មេធាវី​ពេញ​សិទ្ធិ​ចំនួន​១០០៨រូប​។​ នេះ​បើ​យោង​តាម​វេបសាយ​របស់​គណៈមេធាវី​ចេញ​ផ្សាយ​ កាល​ពី​ថ្ងៃ​ទី​០១​ ខែ​សីហា​ ឆ្នាំ​២០១៧​៕