(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស្រ៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន នៅយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យការជួសជុល ផ្លូវជាតិលេខ៣ ដើម្បីពន្លឿនការជួសជុលផ្លូវជាតិមួយនេះ ឲ្យចប់ទាន់ការកំណត់របស់ក្រសួង ក្នុងគោលបំណងជួយសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវជាតិនេះ។

សម្រាប់ដំណើរការជួសជុលផ្លូវជាតិលេខ២នេះឲ្យបានលឿន មន្ទីរសាធារណការ បានស្នើឲ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរចាប់ពីរង្វង់មូលតាខ្មៅ រហូតដល់ព្រំប្រទល់ខេត្តតាកែវ ត្រូវធ្វើដំណើរវាងទៅតាមផ្លូវក្រវ៉ាត់ក្រុងទី២ជំនួសវិញ ដើម្បីជួយសម្រួល និងបញ្ជៀសការកកស្ទះចរាចរណ៍។ «ប្រជាពលរដ្ឋដែលអ្នកប្រើប្រាស់ផ្លូវជាតិលេខ២ ចាប់ពីចន្លោះខាងលើ សូមវាងទៅតាមផ្លូវក្រវ៉ាត់ក្រុងទី២ ពីផ្លូវ៦០ម៉ែត្រ ទៅផ្លូវចំការដូង ឬផ្លូវវត្តព្រែកថ្លឹង ផ្លូវលេខ២០ ផ្លូវលេខ១២០ និងផ្លូវជាតិលេខ៣»។

បើតាមលោក ស៊ុន ចាន់ថុល គម្រោងសាងសង់ផ្លូវជាតិលេខ២នេះ នឹងធ្វើឡើងចាប់ពីរង្វង់មូលតាខ្មៅ ខេត្តកណ្តាល រហូតដល់រង្វង់មូល ព្រះនរាយណ៍ខេត្តតាកែវ ដែលមានប្រវែងសរុបប្រមាណ៥៧គីឡូម៉ែត្រ។ ការសាងសង់ឡើងវិញនេះ មានកំណាត់ផ្លូវខ្លះនឹងពង្រីកទៅជា៤គន្លង ហើយកន្លែងខ្លះទៀត ពង្រីកឲ្យបានធំជាងពេលបច្ចុប្បន្ន ដើម្បីសម្រួលការធ្វើដំណើរ។

លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ការសាងសង់ឡើងវិញនូវផ្លូវជាតិលេខ២នេះ គឺទទួលបានកម្ចីហិរញ្ញប្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង ទោះជាយ៉ាងណាលោក ស៊ុន ចាន់ថុល មិនទាន់បានបង្ហើបពីទំហំទឹកប្រាក់ ដែលចំណាយសម្រាប់ការសាងសង់ផ្លូវមួយខ្សែននេះនៅឡើយទេ៕