(អ៊ីចូវ-សានទុង-ចិន)៖ ប្រតិភូសារព័ត៌មានកម្ពុជា ដែលដឹកនាំដោយលោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧​នេះ បានធ្វើដំណើរទៅដល់ទឹកដីទីក្រុងអ៊ីចូវ ខេត្តសានទុង របស់ប្រទេសចិន ដែលនៅជាប់ព្រំដែនកូរ៉េខាងត្បូង។

តាមសេចក្ដីរាយការណ៍របស់លោក វ៉ាន់ សារាយ និពន្ធនាយករងអង្គភាពព័ត៌មាន Fresh News ពីទីក្រុងអ៊ីចូវ បានឲ្យដឹងថា ពេលប្រតិភូអញ្ជើញទៅដល់ មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់បំផុត ពីថ្នាក់ដឹកនាំទីក្រុងមួយនេះ ដឹកនាំដោយលោកស្រី Lin Yanqin អភិបាលរងក្រុង និងមន្ដ្រីរបស់ពួកគេ។

ក្នុងជំនួបអាហារពេលល្ងាចនៅក្នុងពិធីជប់លៀង ប្រតិភូសារព័ត៌មានកម្ពុជា លោកស្រីអភិបាលរងក្រុង បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា-ចិន ដែលបានបន្សល់ទុកតាំងពីសម័យអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ និងអតីតមេដឹកនាំចិន លោក ជូ អេងឡាយ។

លោកស្រីបន្ដថា ការបំពេញទស្សនកិច្ចរបស់ប្រតិភូសារព័ត៌មានកម្ពុជានៅពេលនេះ នឹងរឹតតែធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំង២កាន់តែរីកចម្រើនខ្លាំងឡើង។

លោក អ៊ុក គឹមសេង បានថ្លែងអំណរគុណចំពោះការទទួលយ៉ាងកក់ក្ដៅ ពីសំណាក់ថ្នាក់ដឹកនាំក្រុងអ៊ីចូវ និងកោតសរសើរពីទេសភាពនៅទីក្រុងនេះ។

សូមបញ្ជាក់ថា ប្រតិភូសារព័ត៌មានកម្ពុជានឹងចំណាយពេល៣ថ្ងៃ ដើម្បីទៅទស្សនកិច្ចតំបន់ផ្សេងៗ​ នៅក្នុងទីក្រុងមួយនេះ។

បើតាមលោក វ៉ាន់ សារាយ ដែលបានសួរទៅមន្ដ្រីនៅទីក្រុងអ៊ីចូវ បានបញ្ជាក់ថា ទីក្រុងនេះមានប្រជាជនជាង៣លាននាក់ មានផ្ទៃក្រឡាជាង៥,០០០គីឡូម៉ែត្រការ៉េ និងផ្ទៃសមុទ្រជាង៦,០០០គីឡូម៉ែត្រការ៉េ ហើយដីមានជីវជាតិសម្រាប់ដាំដំណាំទៀតផង៕