(សៀមរាប)៖ លោកស្រី គួយ ណាលីន អនុប្រធានកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានលើកឡើងថា យុវជនកាកបាទក្រហមកម្ពុជា​ គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌​។

ថ្លែងបែបនេះ​ធ្វើឡើងក្នុងឱកាស លោកស្រី គួយ ណាលីន និងលោកស្រី មាស សន ​នៅព្រឹកថ្ងៃទី​០១ ខែសីហា ឆ្នាំ២០១៧ អញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន១៧៥នាក់ ស្រី១១២នាក់ ដែលមកពីវិទ្យាល័យ ហ៊ុន សែន ស្វាយធំ ចំនួន​៧៥នាក់ និងវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ចំនួន​១០០នាក់​។

លោកស្រី គួយ ណាលីន បញ្ជាក់ថាកម្លាំងស្នូលដ៏សំខាន់ក្នុងការផ្ដល់សេវាកម្មមនុស្សធម៌ ​ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «សង្រ្គោះជីវិត ផ្លាស់ប្ដូរផ្នត់គំនិត» នៃយុទ្ធសាស្ត្រ​២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា។

លោកស្រី ក៏បានប្រគល់ជូននូវតួនាទីភារកិច្ចដល់ប្អូនៗមាន៖ ជាតំណាងឲ្យយុវជនកាកបាទក្រហមកម្ពុជា គ្រប់ស្រទាប់យុវវ័យ, ជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា, ត្រូវគោរពវិន័យសាលា និងខិតខំរៀនសូត្រឲ្យបានពូកែ ធ្វើជាគំរូល្អគ្រប់សម្មភាពក្នុងស្រទាប់យុវវ័យ, ផ្សព្វផ្សាយពីគោលការណ៍គ្រឹះ របស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម នៅក្នុងសាលា និងសហគមន៍, ចូលរួមសកម្មភាពមនុស្សធម៌ ទាំងក្នុងសាលា និងសហគមន៍, ធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកកាត់បន្ថយ អត្រាគ្រោះថ្នាក់ ស្លាប់ របួស និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍៕