(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាបនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ ចុះ​ពិនិត្យមើលពីវឌ្ឍនភាព នៃកិច្ច​អភិវឌ្ឍន៍របស់ភូមិឃុំ នៅមូលដ្ឋាន​ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដោយអមដំណើរដោយ​លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរស្រុក ឃុំ និង​មន្ត្រីរាជការផងដែរ ។

ក្នុងដំណើរចុះពិនិត្យនោះពីវឌ្ឍនភាពនៅថ្នាក់ឃុំនោះ លោក ឃឹម ប៊ុនសុង បានជួបសំណេះសំណាលជាមួយ​ប្រជាពលរដ្ឋ ជាប្រតិបត្តិករទេសចរណ៍នាឱកាសនោះ ក៏បានបញ្ជាក់ថា បឹងទន្លេ សាប គឺជាទីជង្រុកត្រីទឹកសាបដ៏ធំ នៅក្នុងតំបន់អាស៊ី ហើយក៏ជាដង្ហើម នៃសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់បងប្អូនប្រជានេសាទ ដែលពឹងផ្អែក និងអាស្រ័យផលពីការនេសាទ​។

ម៉្យាងទៀតដើម្បីឲ្យធនធានមច្ឆាជាតិ​បាននៅគង់វង្សនោះ ទាំងប្រជាជន និង​ប្រជានេសាទទាំងអស់គ្នា ត្រូវរួមគ្នាធ្វើការអភិរក្សថែរក្សានូវសម្បត្តិធនធានធម្មជាតិ បរិស្ថាន នៅក្នុងតំបន់បឹងទន្លេសាប ដែលជាតំបន់សម្បូរទៅជីវៈចម្រុះ ដែលជាជង្រុកត្រីដ៏ធំនៅកម្ពុជា និង​ជម្រកសត្វស្លាបទឹក ព្រមទាំងព្រៃលិចទឹក ប្រកបដោយសោភណ្ឌភាព ស្រស់ត្រកាល បានកំពុងទាក់ទាញអារម្មណ៍ដល់ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត​។

អភិបាលខេត្តសៀមរាប គូសបញ្ជាក់ថា ព្រៃលិចទឹកជាកត្តាសំខាន់សម្រាប់ពលរដ្ឋទាំងអស់គ្នា ​ដែលជាជម្រកត្រីពងកូន និង​ទីជម្រករកចំណីរបស់សត្វត្រី ព្រមទាំងជារនាំងបាំង នូវគ្រោះធម្មជាតិ របស់ប្រជាជនក្នុងឃុំកំពង់ភ្លុក ​រួមទាំងជាទីជម្រកស្នាក់អាស្រ័យរបស់សត្វស្លាបទឹកគ្រប់ប្រភេទ និង​ជាទីកន្លែងកម្សាន្តរបស់ភ្ញៀវទេសចរណ៍ ដែលជាប្រភព ចំណូលរបស់បងប្អូនក្នុងឃុំកំពង់ភ្លុកនេះទៀត​ផង​។ ដូច្នេះ​ត្រូវចេះធ្វើការថែរក្សា ការពារសម្បត្តិធនធានធម្មជាតិទាំងនេះ ដែលជាផលប្រយោជន៍សម្រាប់កូនចៅខ្លួនទៅថ្ងៃអនាគត សំខាន់ទប់ស្កាត់ឲ្យបានចំពោះ​ការកាប់រានទន្រ្ទាន យកដីធ្វើកម្មសិទ្ធ ការដុះបំផ្លាញព្រៃលិចទឹក ការប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់ និង​ការប្រើប្រាស់ថ្នាំពុល និង​ចាប់សត្វស្លាបជាដើម​។

​ក្នុងនោះលោកអភិបាលខេត្ត ​បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្ត និង​អាជ្ញាធរស្រុក ឃុំ ត្រូវធ្វើការបញ្ចុះមន្ត្រីជំនាញ​មកធ្វើការ បណ្តុះបណ្តាលដល់ប្រជាពលរដ្ឋ នូវបច្ចេកទេសធ្វើការដាំដុះដំណាំ បន្លែបង្កា ដើម្បីធ្វើការផ្គត់ផ្គង់ដល់ទីផ្សារនៅ​ក្រុងសៀមរាប ក្នុងការបង្កើននូវមុខរបរដល់ពួកគាត់ នៅពេលរដូវទឹកសម្រក ក្នុងការរកចំណូលផ្គត់ផ្គង់ក្រុមគ្រួសារ ក្រៅពីការងារនេសាទ​។

លោក ឃឹម ប៊ុនសុង ​បានឧបត្ថម្ភដល់បងប្អូនប្រតិបត្តិករទេសចរ ដែលសុទ្ធសឹងជា​មេគ្រួសារ ក្នុងការបម្រើសេវាកម្មទេសចរណ៍ អ៊ុទូកដឹកភ្ញៀវទេសចរ​ នៅក្នុងសហគមន៍កំពង់ភ្លុក ប្រមាណ​៨០​នាក់ ក្នុងម្នាក់ៗ ២​ម៉ឺនរៀល​។

ឆ្លៀតក្នុងឱកាសនោះ លោកបានបន្តដំណើរចុះត្រួតពិនិត្យមើលការដ្ឋានសាងសង់ផ្លូវមួយខ្សែ​ តភ្ជាប់ពីឃុំរកា ទៅឃុំកំពង់ភ្លុក ដែលមានប្រវែង១៣គីឡូម៉ែត្រ ដែលជាគម្រោងរបស់ក្រសួងសាធារណការ និង​ដឹកជញ្ជូន ដែលស្ថាបនាដោយក្រុមកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប ដោយបានធ្វើការស្ថាបនាក្នុង ជំហានទី១ និងទី២នេះ ក្នុងប្រវែង​៣​,៦០០ម៉ែត្រ និងធ្វើឲ្យបានរួចរាល់បានមុនទឹកទន្លេឡើងមកដល់ផងដែរ​។

អភិបាលខេត្ត ​ធ្វើការកោតសរសើរ​ពីកិច្ចខិតខំរបស់ក្រុមកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែនសៀមរាប ដែលបានខិតខំបំពេញភារកិច្ច​ក្នុងការស្ថាបនាផ្លូវនេះឡើង ជាការឆ្លើយតបទៅនឹងរាល់សំណូមពរ តម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុក ក៏ដូចស្រុកប្រាសាទបាគងទាំងមូល ក្នុងការដឹកជញ្ជូនដំណាំ កសិផល និង​ផលនេសាទ របស់ប្រជានេសាទ​៕