(តាកែវ)៖ នៅល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានបញ្ចប់ការសួរនាំជន ដែលបង្ហោះព័ត៌មានតាម Facebook ថាមានជនជាតិវៀតណាម ចាប់ក្មេងវះយកគ្រឿងក្នុង ដោយចោទប្រកាន់ចំនួន២បទល្មើស ហើយបញ្ជូនទៅដៃចៅក្រមបន្ដចាត់វិធានការតាមនីតិវិធីបន្ដទៀត។

លោក ផាន់ សុភ័ក្រ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តតាកែវ បានប្រាប់ភ្នាក់ងារព័ត៌មាន fresh News នៅមុននេះបន្ដិចថា យើងបានបញ្ចប់ការសួរនាំរួចហើយ និងបានបញ្ជូនបន្ដទៅដៃចៅក្រម ប៉ុន្ដែដោយសារតែហួសម៉ោងរដ្ឋបាល ជននេះត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសិន រង់ចាំបន្ដការសួរនាំនៅថ្ងៃស្អែកទៀត។

បើតាមលោក ផាន់ សុភ័ក្រ ក្រោយបញ្ចប់ការសួរនាំ តំណាងអយ្យការបានសម្រេចចោទប្រកាន់ពីបទ ក្លែងព័ត៌មាន និងពីបទញុះញ៉ង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ យោងតាមមាត្រា៤២៥ បទល្មើសក្លែងព័ត៌មានត្រូវផ្ដន្ទាទោសពី១ឆ្នាំ ទៅ២ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២លានរៀល ទៅ៤លានរៀល​ ដោយឡែកមាត្រា៤៩៥ បទល្មើសញុះញ៉ង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រឈមជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៤លានរៀល។

ជនដែលបង្ហោះព័ត៌មានតាម Facebook ថា មានជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុង នៅស្រុកសំរោង ខេត្តតាកែវ បង្កឲ្យមានភាពចលាចលក្នុងសង្គមនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបាន​ កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។ បុរសរូបនេះមានឈ្មោះ លី ឆៃយ៉ា អាយុ៣០ឆ្នាំ ដែលជាម្ចាស់គណនី Facebook ឈ្មោះ «La chhaya»​

ជាមួយនឹងព័ត៌មានខាងលើនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានឲ្យដឹងថា «គិតមកដល់ពេលនេះ តាមព័ត៌មានពីតំណាងអយ្យការ​តាមរាជធានីខេត្ត ទូទាំងប្រទេស គឺពុំទាន់មានករណីបទល្មើស ចាប់ក្មេងដើម្បីវះយកសរីរាង្គនៅឡើយនោះទេ គឺផ្ទុយពីព័ត៌មានបំពុលនានា ដែលបាននឹងកំពុងផ្សព្វផ្សាយ នៅលើបណ្តាញសង្គម។ នៅពេលនេះតាមព័ត៌មានដែលទទួលបាន តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតហើយ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន បំពុលលើបណ្តាញសង្គមរបស់ខ្លួន ទាក់ទងនឹងករណីចាប់ក្មេងនេះ ដែលនេះជាករណីថ្មីមួយទៀត បន្ទាប់ពីករណីកាលពី ម្សិលមិញ នៅខេត្តកំពង់ធំ»

បើតាមលោក គឹម សន្តិភាព បានបន្តបញ្ជាក់ទៀតថា តំណាងអយ្យការទូទាំងប្រទេស បានកំពុងបន្តតាមដានយ៉ាង​យកចិត្តទុកដាក់ពិនិត្យ​ស្រាវជ្រាវ និងអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ចំពោះការផ្សព្វផ្សាយព័ត៌មាននានា ដែលមានចរិកទុច្ចរិតបង្កឲ្យមានការភ័យខ្លាច និងចលាចល​ក្នុងសង្គម និងសូមអំពាវនាវឲ្យ បញ្ឈប់ជាបន្ទាន់ នូវការផ្សព្វផ្សាយព័ត៌មាន ដែលពុំមែនជាការពិតបែបនេះ។

ជាមួយគ្នា​នេះ​លោក​ក៏សូមអំពាវនាវបងប្អូនដែលទទួលបានព័ត៌មាននានាទាក់ទងនឹងករណីនេះ សូមផ្តល់ព័ត៌មានដល់សមត្ថកិច្ច​ក្រសួងមហាផ្ទៃ តាមរយៈលេខទូរស័ព្ទ 031 201 2345 , 031 601 2345។

​សូមបញ្ជាក់ថា ព័ត៌មានថា ជនជាតិវៀតណាមចូលមកចាប់ក្មេងខ្មែរវះយកគ្រឿងក្នុង (ក្រលៀន, ភ្នែក...) រយៈពេលចុងក្រោយនេះ បានក្លាយទៅជាប្រធានបទ ដ៏ក្ដៅគគុកមួយ នៅក្នុងសង្គម ជាពិសេសធ្វើឲ្យឪពុកម្ដាយជាច្រើននាក់ ព្រួយបារម្ភពីបញ្ហានេះ រហូតអ្នកខ្លះមិនឲ្យកូនទៅរៀនទៀតផង៕