(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ នឹងចុះអនុស្សារណៈយោគយល់គ្នា ជាមួយនឹងរដ្ឋាភិបាលបង់ក្លាដេស លើការទិញអង្ករ១លានតោន សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧-២០២២។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម កញ្ញា ស៊ិង សុផារី បានថ្លែងបញ្ជាប់ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះថា អនុស្សារណៈយោគយល់គ្នានេះ ភាគីកម្ពុជាចុះហត្ថលេខា ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្កិ និងភាគីបង់ក្លាដេស ចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងស្បៀងអាហារបង់ក្លាដេសលោក Advocate Md.Qamrul Islam។

អ្នកនាំពាក្យដដែលរូបនេះ បានបញ្ជាក់ទៀតថា ការចុះ MOU ជាមួយបង់ក្លាដេសនេះ នឹងពង្រីកទីផ្សារស្រូវអង្ករថ្មីមួយទៀត សម្រាប់ប្រទេសកម្ពុជា ដែលនេះបញ្ជាក់ថា នឹងជួយឲ្យវិស័យឯកជន ផ្នែកស្រូវអង្ករត្រៀមខ្លួនចាប់យក ទីផ្សារអង្ករថ្មីមួយនេះ ដើម្បីបង្កើនការនាំចេញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

អនុស្សរណៈនេះ នឹងគ្របដណ្តប់លើប្រតិបត្តិការទិញ/លក់អង្ករទាំងអស់ ហើយនឹងត្រូវអនុវត្តន៍ដោយក្រុមហ៊ុនហ្គ្រីនត្រេដ ដែលជាក្រុមហ៊ុនសាធារណៈ ចំណុះឲ្យក្រសួងពាណិជ្ជកម្ម ជាមួយនាយកដ្ឋានម្ហូបអាហារ របស់ក្រុមហ៊ុនសហគ្រាសសាធារណៈ ចំណុះឲ្យក្រសួងស្បៀងអាហារ បង់ក្លាសេដ។

ជាមួយគ្នានេះដែរ អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក មូល សារិទ្ធី បានថ្លែង នូវការសារទរចំពោះការចុះអនុស្សារណៈ​យោគយល់គ្នា ដោយលោកលើកឡើងថា ជាការបើកផ្លូវទីផ្សារអង្ករថ្មីមួយទៀត បន្ថែមលើទីផ្សារដែលមានស្រាប់បច្ចុប្បន្ន។

អគ្គលេខាធិការដដែលរូបនេះ បានបញ្ជាក់ទៀតថា ទីផ្សារអង្ករនៅប្រទេសបង់ក្លាដេស ជាទីផ្សារដ៏ល្អមួយ ព្រោះថាប្រទេសនេះ ជាប្រទេសរងគ្រោះធម្មជាតិ និងខ្វះខាតស្បៀង។

សូមជម្រាបថា នៅរយៈពេល៦ខែដើមឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជិត៣០ម៉ឺនតោន ក្នុងនោះនាំចេញទៅកាន់ទីផ្សារប្រទេសចិនច្រើនជាងគេ រហូតដល់ជាង៩ម៉ឺនតោន បន្ទាប់មកប្រទេសបារាំងជិត៤ម៉ឺនតោន និងប្រទេសប៉ូឡូញជាង២ម៉ឺនតោន៕