(តាកែវ)៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី សុខ សំណាង បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជនដែលបង្ហោះព័ត៌មានថាមានជនជាតិវៀតណាម ចាប់ក្មេងវះយកគ្រឿងក្នុង នៅឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដែលត្រូវបានកម្លាំងនគរបាលរបស់លោកឃាត់ខ្លួននោះ រហូតមកដល់ល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ បាននិងកំពុងស្ថិតក្រោមការសួរនាំរបស់ព្រះរាជអាជ្ញា ដើម្បីចាត់វិធានការបន្ដទៀត។

លោកឧត្តមសេនីយ៍ត្រី សុខ សំណាង បានបញ្ជាក់ថា សមត្ថកិច្ចរបស់លោក បានបញ្ជូនជនសង្ស័យរូបនេះ ទៅតុលាការតាំងពីម៉ោង២រសៀលថ្ងៃនេះ ហើយរហូតមកដល់ពេលនេះ ព្រះរាជអាជ្ញាកំពុងធ្វើការសួរនាំ ដើម្បីចាត់ការបន្ដទៀត។

ជនដែលបង្ហោះព័ត៌មានតាម Facebook ថា មានជនជាតិវៀតណាមចាប់ក្មេងវះយកគ្រឿងក្នុង នៅស្រុកសំរោង ខេត្តតាកែវ បង្កឲ្យមានភាពចលាចលក្នុងសង្គមនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបាន​ នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ​។ បុរសដែលត្រូវនៅពេលនេះមានឈ្មោះ លី ឆៃយ៉ា អាយុ៣០ឆ្នាំ ដែលជាម្ចាស់គណនី Facebook ឈ្មោះ «La chhaya»​។

ជាមួយនឹងព័ត៌មានខាងលើនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានឲ្យដឹងថា «គិតមកដល់ពេលនេះ តាមព័ត៌មានពីតំណាងអយ្យការ​តាមរាជធានីខេត្ត ទូទាំងប្រទេស គឺពុំទាន់មានករណីបទល្មើស ចាប់ក្មេងដើម្បីវះយកសរីរាង្គនៅឡើយនោះទេ គឺផ្ទុយពីព័ត៌មានបំពុលនានា ដែលបាននឹងកំពុងផ្សព្វផ្សាយ នៅលើបណ្តាញសង្គម។ នៅពេលនេះតាមព័ត៌មានដែលទទួលបាន តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតហើយ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាន បំពុលលើបណ្តាញសង្គមរបស់ខ្លួន ទាក់ទងនឹងករណីចាប់ក្មេងនេះ ដែលនេះជាករណីថ្មីមួយទៀត បន្ទាប់ពីករណីកាលពី ម្សិលមិញ នៅខេត្តកំពង់ធំ»

បើតាមលោក គឹម សន្តិភាព បានបន្តបញ្ជាក់ទៀតថា តំណាងអយ្យការទូទាំងប្រទេស បានកំពុងបន្តតាមដានយ៉ាង​យកចិត្តទុកដាក់ពិនិត្យ​ស្រាវជ្រាវ និងអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ចំពោះការផ្សព្វផ្សាយព័ត៌មាននានា ដែលមានចរិកទុច្ចរិតបង្កឲ្យមានការភ័យខ្លាច និងចលាចល​ក្នុងសង្គម និងសូមអំពាវនាវឲ្យ បញ្ឈប់ជាបន្ទាន់ នូវការផ្សព្វផ្សាយព័ត៌មាន ដែលពុំមែនជាការពិតបែបនេះ។

ជាមួយគ្នា​នេះ​លោក​ក៏សូមអំពាវនាវបងប្អូនដែលទទួលបានព័ត៌មាននានាទាក់ទងនឹងករណីនេះ សូមផ្តល់ព័ត៌មានដល់សមត្ថកិច្ច​ក្រសួងមហាផ្ទៃ តាមរយៈលេខទូរស័ព្ទ 031 201 2345 , 031 601 2345។

​សូមបញ្ជាក់ថា ព័ត៌មានថា ជនជាតិវៀតណាមចូលមកចាប់ក្មេងខ្មែរវះយកគ្រឿងក្នុង (ក្រលៀន, ភ្នែក...) រយៈពេលចុងក្រោយនេះ បានក្លាយទៅជាប្រធានបទ ដ៏ក្ដៅគគុកមួយ នៅក្នុងសង្គម ជាពិសេសធ្វើឲ្យឪពុកម្ដាយជាច្រើននាក់ ព្រួយបារម្ភពីបញ្ហានេះ រហូតអ្នកខ្លះមិនឲ្យកូនទៅរៀនទៀតផង៕