(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានដល់មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជាថា កុំឱ្យបន់ឱ្យសម្តេចបាត់បង់ជីវិតឱ្យសោះ ព្រោះថាបើសិនជា សម្តេចស្លាប់ មេដឹកនាំគណបក្សប្រឆាំងខ្លួនឯង នឹងជួបគ្រោះថ្នាក់ធំ ដោយសារមិនអាចគ្រប់គ្រង សភាពការណ៍បាន។

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «បើនាយករដ្ឋមន្រ្តីស្លាប់ នោះមានន័យថា រដ្ឋាភិបាលត្រូវរលាយតែម្តង ក្រសួងគ្មានរដ្ឋមន្រ្តីអ្វីទាំងអស់ បានសេចក្តីថា នគរមួយនេះគឺអត់ក្បាលតែម្តង។ បើអត់ក្បាលតែមានអ្វីកើតឡើង គឺគ្រោះថ្នាក់ណាស់ កម្លាំងប្រដាប់អាវុធ គឺត្រៀមរួចជាសម្រេចហើយនោះ គេនឹងចាត់ការនូវអ្វី ដែលគេចង់ចាត់ យកល្អត្រូវទុកឲ្យ ហ៊ុន សែន រស់ បើបន់ឲ្យ ហ៊ុន សែន ស្លាប់ អ្នកក៏ងាយស្លាប់ដែរ សូមជំរាបឲ្យច្បាស់»

ការព្រមានធ្ងន់ៗរបស់ប្រមុខរាជរដ្ឋាភិបាល ដែលជាប្រធានគណបក្សកាន់អំណាច បានធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតជាច្រើននាក់នៃ សាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ ចំពេលដែលសម្តេចរំលឹកអំពីករណីសមាជិកគណបក្សប្រឆាំង បានផ្សព្វផ្សាយបំភ្លៃតាមបណ្តាញសង្គមថា សម្តេចបានស្លាប់បាត់បង់ជីវិត ឬ សម្តេចត្រូវសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សុខៗ នាយករដ្ឋមន្រ្តី កំពុងដឹកទៅសង្រ្គោះបន្ទាន់ នៅស្រុកបារាំង សុខៗ នាយករដ្ឋមន្រ្តី ពេទ្យសាំងហ្គាពួរ ទទួលលែង បានហើយ ត្រូវបញ្ជូនបន្តទៅទីក្រុងហុងកុង។ ខ្ញុំគ្រាន់តែជំរាប ការបំផុសធុននេះ គឺគ្រោះថ្នាក់ណាស់។ គ្រោះថ្នាក់យ៉ាងម៉េច សូមផ្តាំទៅ គណបក្សប្រឆាំង ដែលមានអ្នកគាំទ្ររបស់ខ្លួន ធ្វើទង្វើបែបនេះ ប្រយ័ត្នគ្រោះថ្នាក់ខ្លួនឯង។ នៅក្នុងខែ៦ យើងបានទៅវ៉ៃកូនហ្គោល ថ្ងៃនោះគឺថ្ងៃដែលគេបង្ហោះថា សម្តេច ហ៊ុន សែន ស្លាប់ហើយ សូមចូលរួមមរណទុក្ខផង ក្នុងពេលជិះយន្តហោះទៅប្រទេសវៀតណាម។ ពេលនោះឧទាហរណ៍ថា យើងគ្រប់គ្រងសភាពការណ៍មិនបាន ស្រាប់តែកងទ័ពចេញគើលតែម្តង។ នេះមិនមែនធម្មតាពេកទេអស់លោក។ ហើយអារឿងអញ្ចឹងៗ ច្រើនតែចេញពីសមាជិកបក្សប្រឆាំង អញ្ចឹងបើមេបក្សប្រឆាំងមិនគ្រប់គ្រងបញ្ហាហ្នឹងទេ គ្រោះថ្នាក់មុនគេគឺអស់លោក»

ជាមួយនឹងការប្រមានដ៏ធ្ងន់ធ្ងរនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ មេដឹកនាំគណបក្សប្រឆាំង ឱ្យពិនិត្យមើល សមាជិក សមាជិក ដែលបានផ្សព្វផ្សាយ ប្រឌិតព័ត៌មានផ្សេងៗនៅតាមបណ្តាញសង្គម ដែលជាទង្វើប្រមាថ និងបទល្មើសដែលមិនអាចអត់ឱនបាន។ សម្តេចតេជោ ស្នើឱ្យគណបក្សប្រឆាំងធ្វើជាគណបក្ស នយោបាយដែលត្រឹមត្រូវ ហើយអប់រំដល់សមាជិករបស់ខ្លួន កុំឱ្យប្រព្រឹត្តល្មើសច្បាប់ថែមទៀត។ សម្តេចថា ការផ្សព្វផ្សាយប្រមាថអាយុជីវិតសម្តេច មិនបានចំណេញនោះទេ។

សម្តេចបញ្ជាក់ទៀតថា៖ «បើសិនជាបន់ឲ្យ ហ៊ុន សែន ស្លាប់ គឺអ្នកឯងនឹងគ្រោះថ្នាក់មុនគេទេ។ វាជាទីកន្លែងកប់ខ្មោចរបស់អស់លោក ខ្ញុំសូមនិយាយដោយត្រង់ អស់លោកមិនទាន់មានលទ្ធភាពដើម្បីគ្រប់គ្រងសភាពការណ៍ទេ ផលចំណេញដែលបានមកពីការស្លាប់របស់ ហ៊ុន សែន វាបានតិចជាងការទុកឲ្យហ៊ុន សែន នៅរស់»