(កំពង់ស្ពឺ)៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ តំណាងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញក្នុងពិធីបិទវគ្គ បំប៉នជំនាញដល់កងរាជអាវុធហត្ថខេត្ត ដើម្បីពង្រឹងការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្តិភាពរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយមានចូលរួមពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងវត្តមានមេបញ្ជាការ មេបញ្ចាការរងក្រុង-ស្រុក ស្នាក់ការសន្តិសសុខ សិក្ខាកាមប្រមាណ១០០នាក់ ចំណុះបញ្ជាការដ្ឋាន ទាំងអស់នៅជំវិញខេត្ត។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានថ្លែងក្នុងពិធីបិទនោះថា យោងតាមផែនការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់តាំងបើកវគ្គបំប៉នជំនាញ កងរាជអាវុធហត្ថឆ្នាំ២០១៧ ដែលមានសិក្ខាកាម៣០នាក់ក្នុងវគ្គ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានបន្តថា គោលបំណងចាំបាច់នៃវគ្គបំប៉ននេះ ទទួលបានការសិក្សាស្វែងយល់បន្ថែម ពីគ្រូយោធាចារ្យ ពីតំណាងស្ថាប័នយុត្តិធម៌នានា ក្នុងពង្រឹងសមត្ថភាព គុណភាព ក្នុងកិច្ចការប្រត្តិបត្តិការអនុវត្តតួនាទី ក្នុងនាមជាមន្រ្តីនគរបាលយុត្តិ និងជានាយទាហានច្បាប់ផងដែរ ក្នុងនោះពង្រឹងការងារ បង្ការ បង្ក្រាប និងសង្គ្រោះត្រូវស្មោះត្រង់ជាតិ សាសនា ព្រះមហាក្សត្រ និងធានាការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ ការពារបូរណភាពទឹកដី និងពលរដ្ឋប្រកបដោយសីលធម៌ វិជ្ជាជីវមានទំនាក់ទំនងល្អ រួមទាំងសហប្រត្តិបត្តិការណ៍ផងដែរ។

លោក សរ សុពុត្រា បានលើកឡើងថា ដើម្បីលើកកម្ពស់សមត្ថភាព ក្នុងនាមជាកម្លាំងអនុវត្តច្បាប់ ហើយកម្លាំងទាមទាឲ្យមានសមត្ថភាពគ្រប់ជំនាញ ដើម្បីធានាដល់ការអនុវត្តរបស់កម្លាំង ហើយក្នុងនោះ ត្រូវក្តាប់គ្រប់សភាពការណ៍ដែលតែងតែបង្កអសន្តិសុខជាតិ ឧទាហណ៍ថ្មីៗ ក្រុមអគតិបានបំផុតចលនាមហាជនអំពីករណីចាប់មនុស្សវះយកគ្រឿងក្នុង និងក្រលាន។ល។ ដែលទង្វើនេះបានធ្វើឲ្យបាត់បង់សន្តិសុខ យ៉ាងធ្ងន់ធ្ងរចំពោះសង្គមជាតិ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ។

លោក សរ សុពុត្រា បានអះអាងដោយឡែកថា នៅខេត្តកំពង់ស្ពឺ ក៏បានឮនៅពាក្យចចាមអារមបែបនេះដែរ តែក្នុងនាមលោកជាអាជ្ញាធរ សូមបញ្ជាក់ថា មិនមានករណីកើតឡើងនោះទេ ហើយក៏សូមប្រាប់ពលរដ្ឋកុំឲ្យមានការព្រួយបារម្មណ៍អំពីករណីនេះ ពីព្រោះយើមានសមត្ថកិច្ចគ្រប់ស្ថាប័ន បានដុតដៃដុតជើងស្វែងរកចំពោះអ្នកបង្កើតពាក្យចលាចលនេះមកទទួលខុសត្រូវហើយ។

លោកអភិបាលរង បានបញ្ជាក់ថា កម្លាំងរបស់កងរាជអាវុធហត្ថ មានសិទ្ធិគ្រប់យ៉ាងដើម្បីអនុវត្តច្បាប់ ទៅលើជនដែលនិយាយបំពុលដល់សង្គមជាតិ ផ្ទុយពីការពិត។ ជាចុងបញ្ចប់ លោកបានប្រគល់កញ្ចប់ថវិកា២លានរៀល និងខោអាវដល់តំណាងវគ្គបំប៉ន ដែលជាអំណោយរបស់លោក វ៉ី សំណាង៕