(មណ្ឌលគិរី)៖ បន្ទាប់ពីមានការផ្ដល់ព័ត៌មានមកកាន់អង្គភាពព័ត៌មាន Fresh News ថា មន្ដ្រីផ្នែកគណនេយ្យ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានកាត់ប្រាក់ខែដំបូង របស់មន្ដ្រីក្របខ័ណ្ឌថ្មីលើស​កំណត់នោះ, នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ មន្ដ្រីក្របខ័ណ្ឌថ្មីម្នាក់​សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា មន្ដ្រីផ្នែកគណនេយ្យ បានប្រកាសក្ដែងៗ រកអ្នកផ្ដល់ព័ត៌មានទាំងអស់នេះ ខណៈមិនរកវិធីដោះស្រាយទៅវិញ។

មន្ដ្រីនគរបាលថ្មីនេះដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងយ៉ាងដូច្នេះថា «នៅពេលគាត់មកដល់ស្នងការដ្ឋាន គាត់ប្រកាស​ថា តើអ្នកណាជាអ្នកផ្ដល់ព័ត៌មានទៅ Fresh News ហើយគាត់និយាយថា គាត់នឹងរកមុខអ្នកប្រាប់អ្នកនោះឲ្យឃើញ»

ជាមួយនឹងការប្រកាស​នេះ មន្ដ្រីក្របខ័ណ្ឌថ្មី បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងថា ហេតុអ្វីបានជាមកប្រកាសរកអ្នកផ្ដល់ព័ត៌មាន មិនខិតខំរកវិធីដោះស្រាយទៅវិញ ឬមួយលុយទាំងនោះយកទៅចែកគ្នាអស់ហើយ?។

សូមរំលឹកថា មន្ដ្រីក្របខ័ណ្ឌថ្មីចំនួន៣៨នាក់ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចោទប្រកាន់មន្ដ្រីផ្នែកគណនេយ្យថា បានកាត់លុយប្រាក់ខែលើកដំបូង (អាប៉ែល) របស់ខ្លួនលើសពីអ្វីដែលក្រសួងមហាផ្ទៃបាន​កំណត់ ពោលគឺកំណត់កាត់ត្រឹមតែ៣៦,៥​០០រៀល ប៉ុន្ដែបែរជាមន្រ្តីផ្នែកគណនេយ្យកាត់រហូតដល់១៨០,០០០រៀល​ទៅវិញ។

ជាគោលការណ៍ប្រាក់ខែដំបូងនេះ មានរយៈពេល១០ខែ ដោយគិតចាប់ពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកក្កដា ឆ្នាំ២០១៧ សម្រាប់មន្ដ្រីឋានន្ដរស័ក្ដិ ថ្នាក់​អនុសេនីយ៍ត្រី ត្រូវបើកបាន១០,៩៩៣,០០០រៀល ប៉ុន្ដែត្រូវកាត់លើការបង់ចូលសមាគមមិត្តនគរបាលជាតិ ក្នុងមួយខែ៣,៥០០រៀល ហើយរយៈពេល៩ខែ ស្មើនឹង៣១,៥០០ និងបង់សិទ្ធិសុំចូលសមាជិក៥,០០០រៀល ដូច្នេះជារួមត្រូវកាត់ត្រឹមតែ៣៦,៥០០រៀលទេ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧​ មន្ដ្រីក្របខ័ណ្ឌថ្មី នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីម្នាក់សូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅស្នងការរបស់ខ្លួន​ នៅពេលដែលទៅបើកប្រាក់ខែលើដំបូងនេះ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ បែរជាផ្នែកគណនេយ្យកាត់បន្ថែម ពីអ្វីដែលបានកំណត់ រហូតដល់១៤០,០០០រៀល ពោលគឺប្រាក់ដែលត្រូវកាត់ទាំងអស់ចំនួន១៨០,០០០រៀល។

មន្ដ្រីដដែលបញ្ជាក់ថា​ នៅពេលផ្នែកគណនេយ្យកាត់ប្រាក់លើសបែបនេះ ខ្លួនបាននាំគ្នាទៅសួរគេថាលុយ១៤​០,០០០រៀល ដែលកាត់បន្ថែមនោះ ទៅលើផ្នែកអ្វីដែរ ដោយផ្នែកគណនេយ្យបានអះអាងថា កាត់លើការរត់ឯកសារ, ថ្លៃធ្វើកាត និងសៀវភៅនគរបាល។ បើតាមមន្ដ្រីរូបនេះ នៅតាមបណ្ដាស្នងការដ្ឋានខេត្តផ្សេងៗ មិនមានការកាត់លុយច្រើនដូចស្នងការរបស់ខ្លួនឡើយ ជាពិសេសគឺមិនមានកាត់លុយរត់ឯកសារ ថ្លៃធ្វើការកាត និងសៀវភៅនគរបាលនោះឡើយ។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង បានប្រាប់ព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះថា លោកមិនទាន់បានទទួលករណីនេះនៅឡើយទេ ប៉ុន្ដែលោកថា នឹងធ្វើការសួរនាំទៅមន្រ្តីរបស់ខ្លួនលោក ហើយផ្ដល់ចម្លើយជូននៅពេលក្រោយ៕