(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញចុះសំណេះសំណាលជាមួយ សិស្សនាយនគរបាល និងនាយនគរបាលរងកំពុងសិក្សាកម្រិតបឋមវិជ្ជាជីវៈ ចំនួន១៥៧​នាក់ មកពី១១នាយកដ្ឋាន និងអង្គភាព នៅសាលានគរបាលជាតិ ភូមិភាគ៦ ស្ថិតនៅខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក បានថ្លែងថា ការចុះសំណេះសំណាលនាពេលនេះ ដើម្បីពិនិត្យលើដំណើរការបណ្ដុះបណ្ដាល ប្រៀបធៀបជាមួយកម្មវិធី បណ្ដុះបណ្ដាល និងផែនការគ្រប់គ្រងវគ្គ ស្វែងយល់ពីសុខទុក្ខ ទទួលសំណូមពរ និងលើកទឹកចិត្តមន្ត្រីនគរបាល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ពីវិជ្ជាជីវៈ នគរបាលកម្រិតបឋមមានចំណេះដឹង មានការយល់ដឹកអំពីតួនាទី ភារកិច្ច និងកាតព្វកិច្ចរបស់កងកម្លាំង មានស្មារតីទទួលខុសត្រូវលើការងារ គោរប្រតិបត្តិច្បាប់ គោរពវិន័យ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងគោរពសិទ្ធិមនុស្ស មុននឹងត្រូវបានតាំងស៊ប់ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលកម្ពុជា។

ក្នុងឱកាសនោះលោក ឯក មនោសែន ក៏បានផ្តល់អនុសាសន៍ចំនួន៥ចំណុច ដល់សិស្សនាយនគរបាល នាយនគរបាលរងគ្រប់រូបរួមមាន៖
១៖ យកចិត្តទុកដាក់សិក្សារៀនសូត្រ ដោយស័្វយប្រវត្ថិសិក្សា និងទ្រីស្តី និងការអនុវត្តជាក់ស្តែង
២៖ មានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា
៣៖ ត្រូវគោរពឲ្យបានដាច់ខាតនូវរាល់បទបញ្ញត្តិដែលបានចែងក្នុងបទបញ្ជាផ្ទៃក្នុង
៤៖ ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនចេះ មិនមែនរៀនចប់» គុណភាពមិនអាចសម្របសម្រូលបានឡើយ
៥៖ ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្រ្តីនគរបាលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ និងការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឲ្យថ្នាក់ដឹកនាំផ្តល់ជំនឿទុកចិត្តលើខ្លួន៕