(ត្បូងឃ្មុំ)៖ ក្រុមចោរមួយក្រុមមានគ្នាចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កណ្តុលជ្រុំ ឃាត់ខ្លួនបន្ទាប់ពីពួកគេបានធ្វើសកម្មភាពប្លន់ម៉ូតូ១គ្រឿង របស់ជន​រងគ្រោះបានសម្រេចនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ ស្ថិតនៅចំណុចវាលត្រពាំងផ្លុកក្រោយ នៅភូមិម្កាក់ ឃុំកណ្តុលជ្រុំ ស្រកពញាក្រែក ខេត្តត្បូងឃ្មុំ។

នគរបាលមូលដ្ឋានបានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីជនរងគ្រោះថា មានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ស្ទាក់ប្លន់យកម៉ូតូពីគាត់ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍នគរបាលកណ្តុលជ្រុំ និងកងកម្លាំងប្រជាការពារ បានការសហការគ្នាដេញស្ទាក់ និងឃាត់បានមុខសញ្ញាសង្ស័យខាងលើបានភ្លាមៗ។

នគរបាលដដែលបានបន្តថា ជនសង្ស័យទាំង២ខាងលើមានឈ្មោះ ទី១៖ ឈ្មោះ ដន ឌុល អាយុ១៨ឆ្នាំ និងទី២៖ ឈ្មោះ ដន ហ៊ា អាយុ២២ឆ្នាំ ជនសង្ស័យទាំងពីរនាក់ខាងលើ រស់នៅភូមិព្រះពន្លា ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ជនសង្ស័យបានធាក់ប្លន់យកម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១០។ ចំណែកជនរងគ្រោះមានឈ្មោះ នឿន ណាត ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិជើងអង ឃុំកណ្តុលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីឃាត់ខ្លួន ក្រុមចោរប្លន់បានសមត្ថកិច្ច បានកសាងសំណុំរឿងជនសង្ស័យទាំង២នាក់ និងវត្ថុតាងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់វិញ៕