(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ ខាងមុននេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា ក្រៅពីការពិភាក្សាការងារ ការធ្វើដំណើរទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងដើម្បីអបអរសាទរខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការផ្លាស់ប្តូរ ដំណើរទស្សនកិច្ច អតីតនាយករដ្ឋមន្រ្តីជប៉ុនលើកទី១ មកទស្សនកិច្ចនៅកម្ពុជា អំឡុងឆ្នាំ១៩៥៧ ផងដែរ។

ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធី ចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «មានព្យុះមួយ ចំថ្ងៃទី០៦ ខែសីហា ថ្ងៃដែលខ្ញុំត្រូវ ទៅជប៉ុនល្មម ធ្វើម៉េចកុំឲ្យហោះកាត់ហ្នឹងចុះលោកអើយ ថ្ងៃ៦ហ្នឹង គឺចំថ្ងៃអាទិត្យ មិនបានសម្រាកទេ ហើយថ្ងៃអាទិត្យកន្លងទៅនេះ ខ្ញុំត្រូវនិយាយជាង៦ម៉ោង នៅកោះពេជ្រយើងនេះ ជាមួយនឹងមន្រ្តីជាង២ពាន់នាក់ ប៉ុន្តែថ្ងៃ៦ ខាងមុខនេះ ត្រូវចេញទៅជប៉ុន ដើម្បីទស្សនកិច្ចផ្លូវការ ហើយអាចនឹងនៅអបអរសាទរខួបលើកទី៥០ឆ្នាំ នៃទំនាក់ទំនងការផ្លាស់ប្តូរដំណើរទស្សនកិច្ច មន្រ្តីជាន់ខ្ពស់ ដោយសារឆ្នាំ១៩៥៧ មានអតីតនាយករដ្ឋមន្រ្តី ជប៉ុន១ បានមកទស្សនកិច្ចនៅកម្ពុជា ចឹងឆ្នាំនេះ ខ្ញុំធ្វើទស្សនកិច្ចនៅជប៉ុន ហើយនាយករដ្ឋមន្រ្តីជប៉ុន អាចបំពេញទស្សនកិច្ចមកកម្ពុជាវិញ»។

គួររំលឹកឲ្យដឹងថា ក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោក ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា (Horinouchi Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៧ លោក ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ខាងមុខនេះ នឹងមានការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទៅលើវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម ដែលភាគីទាំងពីរជាដៃ គូយុទ្ធសាស្ត្រ ហើយក៏នឹងពិភាក្សាទៅលើការតភ្ជាប់ការអភិវឌ្ឍ វិស័យធនធានមនុស្ស ការសម្រួលចរាចរណ៍ នៅទីក្រុងភ្នំពេញ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌និងការផ្លាស់ប្តូរ ទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន និងការពិភាក្សាអំពីការរៀបចំឲ្យ មានអគ្គកុងស៊ុលជប៉ុននៅ ខេត្តសៀមរាប។

នៅក្នុងដំណើរទស្សនកិច្ច នៅប្រទេសជប៉ុនខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមសិក្ខាសាលាដែល មានការចូលរួមពីអ្នក វិនិយោគទុនជប៉ុនជាច្រើននាក់ផងដែរ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសជប៉ុន គឺចំពេលខួប២៥ឆ្នាំ របស់ជប៉ុនដែលបញ្ជូនក្រុមរក្សាសន្តិភាពមកកាន់កម្ពុជា ហើយក៏ត្រូវនឹងខួប៦០ឆ្នាំ នៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនលើកទី១ មកកាន់ប្រទេសកម្ពុជា កាលពីក្នុងឆ្នាំ១៩៥៧៕