(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសយ៉ាងដាច់ណាត់​ឲ្យបិទអង្គការ AIM ដែលផ្សាយនៅលើទូរទស្សន៍២ធំៗ​គឺទូរទស្សន៍ CNN និងទូរទស្សន៍ ABC News ថា «នៅកម្ពុជាម្តាយយកកូនទៅលក់ឲ្យបម្រើផ្លូវភេទ» ដែលនេះជាការប្រមាថខ្លាំងបំផុតដល់ស្ដ្រីនៅកម្ពុជា។ សម្តេចបានបញ្ជាក់ថា នេះជាទង្វើមិនអាចអត់អោនឲ្យបាន, អង្គការនេះត្រូវតែចាកចេញពីកម្ពុជា ទោះបីក្នុងតម្លៃណាក៏ដោយ។

ក្នុងឋានៈជានាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេច ហ៊ុន សែន បានបញ្ជាឲ្យក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវភ្លាមៗ និងបិទអង្គការនេះ ជុំវិញសកម្មភាពរបស់ អង្គការមួយនេះ ដោយគ្រាន់តែរៃអង្គាសលុយដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ហ៊ានយកកិត្តិយសកម្ពុជា ទៅលក់លើឆាកអន្ដរជាតិ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ​សាកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន ប្រសាសន៍យ៉ាងដូច្នេះថា «នៅថ្ងៃអាទិត្យនេះ ខ្ញុំបានបញ្ជាឲ្យក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតរឿងនេះ ហើយគាប់បីត្រូវបិទចោលនៅអង្គការក្រៅរដ្ឋាភិបាល មួយនេះ មិនអាចឲ្យអ្នកឯងប្រមាថជនជាតិរបស់ខ្ញុំបានទេ។ នេះខ្ញុំមិនទាន់ធ្វើផង បើសិនជាខ្ញុំធ្វើបើកដៃឲ្យមានបាតុកម្ម គឺអ្នកឯងនឹងក្លាយទៅជាអ្វី... ខ្ញុំសូមស្នើឲ្យស្ថានទូតអាមេរិក ធ្វើការស្រាវជ្រាវលើបញ្ហានេះ ព្រោះយើងមិនអាចទទួលយកបាននូវការប្រមាថដ៏ធំមួយនេះ»

បន្ថែមពីនេះសម្ដេច ហ៊ុន សែន បានសម្ដែងនូវការឈឺចាប់ចំពោះទង្វើរបស់អង្គការមួយនេះ ដែលប្រមាថមកលើស្ដ្រីកម្ពុជានៅតាម​កញ្ចក់ទូរទស្សន៍ CNN និង ABC News ​ដោយនិយាយថា ​កម្ពុជាម្ដាយយកកូនទៅលក់ ដើម្បីធ្វើជាស្រីពេស្យារនោះ ដែលនេះជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ។

សម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើការកត់សម្គាល់ថា នៅពេលទូរទស្សន៍ធំៗ២ ចេញផ្សាយបែបនេះ ​តើបណ្ដាបក្សនយោបាយនានានៅកម្ពុជា និង អង្គការក្រៅរដ្ឋាភិបាលនានានៅកម្ពុជាប្រតិកម្មយ៉ាងម្តេច ព្រោះគេកំពុងតែប្រមាថប្រពន្ធរបស់ខ្លួន កូនរបស់ខ្លួន ប្អូនរបស់ខ្លួនដែរនោះ តើគិតយ៉ាងមិច បើសិន ជាអ្នកទាំងនោះទទួលយកភាសាហ្នឹង ដូច្នេះបានសេចក្ដីថាបក្សប្រឆាំង ឬបក្សនយោបាយនានាសុទ្ធតែមានកូន ដែលម្ដាយយកកូនទៅលក់ឲ្យធ្វើស្រីពេស្យារ​។

បន្ទាប់ពីការផ្សាយវីដេអូ​របស់ទូរទស្សន៍​អាមេរិក២ធំៗ គឺទូរទស្សន៍ CNN ​និងទូរទស្សន៍ ABC News ដែលដាក់ចំណងជើងថា «ក្មេងស្រីកម្ពុជាត្រូវបានម្ដាយលក់ឲ្យ បម្រើផ្លូវភេទ» បានធ្វើឲ្យមន្រ្តីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា បានសម្តែងប្រតិកម្មខ្លាំងៗជុំវិញការផ្សាយនេះ, ចំណែកសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ដែលមានលោក ហ៊ុយ វណ្ណៈ ជាប្រធាន បានធ្វើសន្និសិទកាសែត ដោយ​ប្រតិកម្មធ្ងន់ៗទៅចំពោះទូរទស្សន៍របស់អាមេរិកទាំង២នេះ ដោយលោកអះអាងថា ការផ្សាយនេះជាការប្រមាថខ្លាំងណាស់ដល់កិត្តិយសស្ដ្រីកម្ពុជា។

មួយវិញទៀត បន្ទាប់ពី CNN បានបង្ហោះវីដេអូនេះលើ Facebook ស្រាប់តែមានការប្រតិកម្មយ៉ាងខ្លាំងផងដែរ ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដែលជាអ្នកប្រើប្រាស់ បណ្ដាញសង្គម ចំពោះចំណងជើងថា «ក្មេងស្រីកម្ពុជា ត្រូវបានម្ដាយលក់ឲ្យបម្រើផ្លូវភេទ / The Cambodian girl sold for sex by their mothers» ហើយបន្ទាប់ពីនោះ CNN បានធ្វើការប្ដូរចំណងជើងវិញភ្លាម ដោយលុបពាក្យថា «កម្ពុជា» ដោយដាក់ថា «ក្មេងស្រីត្រូវបានម្ដាយលក់ឲ្យបម្រើផ្លូវភេទ / The girls sold for sex by their mothers»។ នេះបញ្ជាក់ថា CNN ខ្វះភាពទទួលខុសត្រូវ ហើយមានចេតនាបង្ខូចកិត្តិយសស្ដ្រីកម្ពុជា និងពលរដ្ឋកម្ពុជាទាំងមូល.

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានចេញបញ្ជាក់ថា ប្រភពនៃព័ត៌មាននេះត្រូវបានផ្ដល់ឲ្យអង្គការមួយឈ្មោះ «អង្គការមេត្រីអន្ដរជាតិ មណ្ឌលបណ្ដុះបណ្ដាល» ហៅកាត់ថា AIM ពោលគឺអង្គការនេះជាអ្នកនៅពីក្រោយខ្នង។ អង្គការ AIM នេះថា ប្រឌិតព័ត៌មាននេះឡើង គឺដើម្បីចង់បានតែផ្ដល់ប្រយោជន៍ ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដោយហេតុថានៅពេលអង្គការនេះផ្សាយចេញទៅ គេនឹងទទួលបានជំនួយពីបរទេស ព្រោះគេអះអាងថា គេអ្នកចិញ្ចឹមស្ដ្រីដែលត្រូវបានលក់ ឲ្យបម្រើផ្លូវទាំងនោះ៕